Khmerpress

ស្វែងរក

SEA GAMES

ព្រះអគ្គិជ័យកីឡាត្រូវបានគណៈប្រតិភូ បេសកជនពិសេសដង្ហែមកដល់ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

BY Khmerpress April 6, 2023
ព្រះអគ្គិជ័យកីឡាត្រូវបានគណៈប្រតិភូ បេសកជនពិសេសដង្ហែមកដល់ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា គណៈប្រតិភូ បេសកជនពិសេសដែលដឹកនាំដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាប៉ារ៉ាហ្គេមលើកទី១២ និងសហការី បានអញ្ជើញធ្វើដំណើរមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញទទួលបដិសណ្ធាកិច្ច យ៉ាងកក់ក្តីពីសំណាក់ ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី និងសហការី មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី និងសហការី ។

ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ត្រូវបានឯកឧត្តម ហោ សារុន បេសកជនពិសេស និងសហការី បានអញ្ជើញដង្ហែទៅតម្កល់ទុកនៅឯស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម ឯកអគ្គរាជព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី អមដោយម៉ូតូស៊ីរ៉ែន ចំនួន២គ្រឿង។ ចំពោះការដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នឹងត្រូវប្រារព្ធធ្វើនៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

សូមជម្រាបជូនថា ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ ត្រូវបានដង្ហែចេញពីខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោយពីបានប្រារព្ធព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Share This Post: