ព័ត៌មានជាតិ April 6, 2023

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ក្រុមគ្រូពេទ្យ ត្រូវផ្ដល់សេវាជូនពលរដ្ឋ ប្រកបដោយសីលធម៌ មិនរើសអើង ស្របទៅតាមសុភាសិត «គ្រូពេទ្យជាមាតា មានព្រហ្មវិហារធម៌ដ៏ល្អ របស់អ្នកជំងឺ»

Naren

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់មន្ដ្រីរាជការទាំងអស់ ពង្រឹងនូវបច្ចេកទេស ផ្លាស់ប្តូរ ឥរិយាបថពីទម្លាប់មិនល្អទៅជាអ្នកផ្តល់សេវាជូនប្រជាជនប្រកបដោយសីលធម៌ថ្លៃថ្នូរ មិនរើសអើងអ្នកជំងឺ ដែលស្របនឹងសុភាសិតលើកឡើងថា «គ្រូពេទ្យជាមាតាមានព្រហ្មវិហារធម៌ដ៏ល្អ របស់អ្នកជំងឺ»។

ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ លើកទី២៥ និងថែទាំវេជ្ជសាស្ត្រលើកទី១២ ដែលប្រព្រឹត្ដទៅនៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី៥​ ខែមេសា ឆ្នាំ២០២៣។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ការរៀបចំទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងទិវាថែទាំវេជ្ជសាស្ត្រ បានពង្រឹងការធ្វើរោគវិនិច្ឆ័យទាន់ពេល និងការព្យាបាលប្រកបដោយបច្ចេកទេស និងគុណធម៌នាំមកនូវការកាត់បន្ថយអត្រាមរណភាពដែលបណ្តាលមកពីជំងឺបេះដូង ជំងឺប្រព្ទ័រំរលាយអាហារ និងប្រពន្ធ័ផ្លូវដង្ហើមនៅក្នុងមន្ទីរពេទ្យផ្ទាល់។

ក្នុងរយៈពេល២ថ្ងៃនេះ ទាំងគ្រូពេទ្យ គិលានុបដ្ឋាក-យិកាទាំងអស់នៅទីនេះ នឹងបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាក្នុងការពិគ្រោះ ព្យាបាលជំងឺ ការស្រាវជ្រាវ ការរករោគវិនិច្ឆ័យជំងឺឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ថែមទៀត ដែលជាកាតព្វកិច្ចចាំបាច់របស់យើងទាំងអស់គ្នា ជាអ្នកពិនិត្យព្យាបាល និងថែទាំជំងឺ ព្រមទាំងពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ក្នុងគោលដៅកាត់បន្ថយអត្រាស្លាប់ដោយជំងឺបេះដូង ជំងឺប្រពន្ធ័រំលាយ អាហារ និងជំងផ្លូវដង្ហើម។

«គ្រោះថ្នាក់ស្ទះសរសៃបេះដូង ជំងឺវិបត្តិចង្វាក់បេះដូង ជំងឺមហារីកប្រពន្ធ័រំលាយអាហារ មហារីកសួត ជាមូលហេតុ ឈានមុខគេក្នុងចំណោមមូលហេតុដទៃទៀត ដែលនាំឲ្យអត្រាមរណភាពខ្ពស់។ ដូច្នេះសូមជំរុញលើកទឹកចិត្ដដល់គ្រូពេទ្យយើងទាំងអស់ ខិតខំប្រឹងប្រែងបន្ដទៀត ធ្វើឱ្យប្រព័ន្ធសុខាភិបាលមានការរីកចម្រើន ក្នុងកម្រិតខ្ពស់ ដើម្បីជាគុណប្រយោជន៍ដល់ការមើលថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋយើង»។ នេះតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ​នេះ​ គឺជាការវិនិយោគដ៏ធំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា។ ក្នុងឱកាសនេះយើងខ្ញុំក៏សូមគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ដែលតែងតែផ្ដល់នូវសុខសន្ដិភាព ស្ថេរភាពនយោបាយ។ ដូច្នេះយើងបានសុខសាន្ដទាំងអស់គ្នា ហើយអាចប្រកបវិជ្ជាជីវៈនេះបានយ៉ាងពោរពេញ ដើរទាន់សម័យទំនើប ដូចប្រទេសនៅក្នុងតំបន់ ជាតិ និងអន្ដរជាតិ»។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងស្នើឱ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនេះ បន្ដបណ្ដុះបណ្ដាល​ពង្រីកនូវចំណេះជំនាញទៅតាមមូលដ្ឋាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News