ព័ត៌មានជាតិ April 6, 2023

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យឧកញ៉ារួមគ្នាជួយដល់សង្គម និងចេះធ្វើសប្បុរសធម៌

Naren

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា បានអនុញ្ញាតឱ្យឧកញ៉ា ដែលជាក្រុមប្រឹក្សាភិបាល និងជាសមាជិក សមាជិកា ចូលជួបសម្តែងការគួរសម។

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ការអញ្ជើញជួប​សម្តែង​ការគួរសមនាព្រឹកថ្ងៃនេះ ដើម្បីជម្រាបជូនសម្តេច អំពីការបង្កើតឡើង​នូវសមាគម​ឧកញ៉ាកម្ពុជា ព្រមទាំងទស្សនវិស័យ និងបេសកកម្មរបស់សមាគម។

ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការផ្តួចផ្តើមបង្កើតឡើងនូវសមាគមឧកញ៉ាកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងការណែនាំមួយ​ចំនួន​​ផងដែរ។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់​ត្រូវពង្រឹងសាមគ្គីភាព រួមគ្នាជួយ​ដល់កិច្ចការសង្គម អភិវឌ្ឍប្រទេសជាតិ ធ្វើសកម្មភាពមនុស្សធម៌ និងចេះជួយដល់ការលំបាករបស់​ប្រជាពលរដ្ឋ។

តំណាងឱ្យក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកាទាំងអស់ អ្នកឧកញ៉ា លី យ៉ុងផាត់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយល់ព្រមធ្វើជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា។

អ្នកឧកញ៉ា លី យ៉ុងផាត់ បានចាត់ទុកវត្តមានសម្តេចតេជោជាប្រធានកិត្តិយសរបស់សមាគម គឺជាការបង្ហាញនូវកាយវិការដ៏ថ្លៃថ្លារបស់សម្តេចតេជោ ក្នុងការយកចិត្តទុកដាក់ និងលើកស្ទួយដល់សមាគម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកសាងជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។

អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានឆ្លៀតពីការងារដ៏មមាញឹកអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា សមាគមឧកញ៉ាកម្ពុជា បានជួបសម្តែងការគួរសម។ ជាពិសេសបានផ្តល់នូវអនុសាសន៍ល្អ ដើម្បីសមាគមធ្វើសកម្មភាពបានត្រឹមត្រូវ និងជាចំណែកជួយដល់សង្គមជាតិ ក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់សម្តេចតេជោ។

សូមបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ន ស.ឧ.ក ត្រូវបានដឹកនាំ និងតម្រង់​ទិស​ដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប ដែលមានអាណត្តិ៥ឆ្នាំ ហើយ​ការ​ងារ​​ប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១រូប៕ ផ្តល់សិទ្ធិដោយ៖ Fresh News