Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវ​ដល់សប្បុរសជន​បន្តចូលរួមបរិច្ចាគជាមួយមូលនិធិនេះ ដើម្បីជួយដល់កុមារកម្ពុជាឱ្យទទួលបានការព្យាបាលដោយឥតគិតថ្លៃ

    BY Khmerpress April 11, 2023
    ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវ​ដល់សប្បុរសជន​បន្តចូលរួមបរិច្ចាគជាមួយមូលនិធិនេះ ដើម្បីជួយដល់កុមារកម្ពុជាឱ្យទទួលបានការព្យាបាលដោយឥតគិតថ្លៃ

    (ភ្នំពេញ)៖ ក្នុងឱកាសខួបគម្រប់៥ឆ្នាំនៃការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជនទាំងអស់បន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផា​កម្ពុជាជាបន្តទៀត ​ដើម្បីនិរន្តភាពនៃការដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និង​ការផ្តល់នូវការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា។

    លោកបណ្ឌិត ចន ណារិទ្ធ បានលើកឡើងថា មន្ទីរពេទ្យនិធិគន្ធបុប្ផា បាននិងកំពុងផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព និងឥតគិតថ្លៃដល់ទារក កុមារ និងស្រ្តីមានផ្ទៃពោះ​មិនតិចជាង៣ពាន់នាក់នោះឡើយក្នុងថ្ងៃៗ ដោយមន្ទីរពេទ្យនេះត្រូវការចំណាយថវិកាប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។ ហេតុនេះហើយ ការចូលរួមបរិច្ចាគរបស់សប្បុរជន ពិតជាសំខាន់ណាស់ ដើម្បីឱ្យមន្ទីរពេទ្យនេះដំណើរការផ្តល់ការព្យាបាល និងថែទាំដល់កុមារជាច្រើនលាននាក់។

    លោបន្តថា ក្នុងរយៈពេល៥ឆ្នាំនេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានអនុវត្តទៅតាមស្តង់ដារនៃប្រាក់ធន់បាលកិច្ចជាអន្តរជាតិ និងត្រូវបានធ្វើសវនកម្មជារៀងរាល់ឆ្នាំ ដោយសនវករដែលមានឈ្មោះល្បី និងទទួលស្គាល់ជាអន្តរជាតិ ដែលឆ្លុះបញ្ចាំងពីតម្លាភាពទាំងស្រុងនៃការដំណើរការរបស់មូលនិធិនេះ។

    មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យកុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅកម្ពុជា តាមរយៈការចូលរួមបរិច្ចាគថវិកា ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។

    មូលនិធិសប្បុរសធម៌មួយនេះ ត្រូវបានប្រកាសបង្កើតជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយសម្តេចតេជោ ហ៊ុន សែន ដែលរហូតមកដល់ពេលនេះ មានរយៈពេល៥ឆ្នាំហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: