ភ្ញៀវទេសចរជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករសម្រុកមកលេងខេត្តសៀមរាប ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣
(សៀមរាប)៖ នៅថ្ងៃ១៤ ខែមេសា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករសម្រុកមកលេងខេត្តសៀមរាប ក្នុងឱកាសខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣។
លោក ឌុល ប៉ង់ មកពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នេះជាលើលទី២ហើយ ដែលលោកបានមកលេងនៅប្រាសាទអង្គរវត្ត ហើយលើកនេះទៀត មកចំពេលនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកលេងខេត្តសៀមរាប ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកបានបន្តថា កត្តាទាំងនេះ គឺបានមកពីការដឹកនាំដ៏គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធ្វើស្វែងរកវ៉ាកសាំងមកចាក់ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ គឺចាក់ឲ្យទាំងអស់ ទាំងដុសមូលដ្ឋាន ដុសជម្រុញ និងដុសបន្តបន្ទាប់ទៀត រហូតឈានដល់បើកដំណើរការប្រទេសឡើងវិញផងដែរ។
និយាយបណ្ដើរហើយភ្នែកសម្លឹងទៅបេះដូងក្រដាស ដែលបត់ប្រជាពលរដ្ឋខ្មែរ ក្រោមការផ្តួចផ្តើមដោយសភាពសហព័ន្ធយុវជនកម្ពុជា ហើយទើបទទួលបានកំណត់ត្រាពិភលោកថ្មីៗនេះទៀត លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមការពារសន្តិភាព មិនត្រូវឲ្យសន្តិភាពនេះ ត្រូវបានបំផ្លាញដោយជនណាម្នាក់ ឬបក្សនយោបាយណាមួយនោះឡើយ។
អ្នកស្រី ណូយ ចាន់ថន មកពីខេត្តបន្ទាយមានជ័យដែរនោះ បានសម្ដែងសេចក្តីរីករាយជាខ្លាំង បន្ទាប់ពីឃើញប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើដំណើរកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយ និងមានសុខសុវត្ថភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាបមានការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែង ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនចង់ឃ្លាតពីខេត្តដែលសម្បូរទៅប្រាង្គប្រាសាទដ៏ល្អឯកលើលោក និងមានប្រវត្តិប្រពៃណី វប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្តសម្បូរបែបនោះឡើយ។
ជាមួយនេះដែរ អ្នកស្រីក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានរកវ៉ាក់សាំងចាក់ឲ្យកូនៗ និងក្រុមគ្រួសារអ្នកស្រី ជាពិសេស គឺប្រជាពលរដ្ឋទាំងអស់បានចាក់គ្រប់ៗគ្នា។ ព្រោះអ្នកស្រីជាពលករធ្វើការនៅប្រទេសថៃ មានការលំបាកខ្លះដែរ ចំពោះការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩នោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News








