Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ពលករខ្មែរដែលធ្វើការនៅកូរ៉េ អាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់ដុល្លារ ក្នុង១ខែ និងរួមចំណែករកប្រាក់ចំណូលជូនជាតិជិត ៦០០លានដុល្លារជារៀងរាល់ឆ្នាំ

    BY Khmerpress April 18, 2023
    ពលករខ្មែរដែលធ្វើការនៅកូរ៉េ អាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់ដុល្លារ ក្នុង១ខែ និងរួមចំណែករកប្រាក់ចំណូលជូនជាតិជិត ៦០០លានដុល្លារជារៀងរាល់ឆ្នាំ

    (សាធារណរដ្ឋកូរ៉េ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរ និងថ្លែងអំណរគុណជូនដល់ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេអាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់ដុល្លារ ក្នុង១ខែ និងបានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ។

    កត្តានេះបានបង្ហាញថា ពលករខ្មែរនៅទីនោះ បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលមានការចូលរួមពីបងប្អូនពលករខ្មែរ និស្សិតខ្មែរ អង្គទូត និងភាគីកូរ៉េ សរុបប្រមាណ ៥ពាន់នាក់។

    ឯកឧត្តមរដ្ឋមន្ត្រី បន្តថា៖ «បន្ទាប់ពីបញ្ចប់អាណត្តិការងាររបស់ខ្លួន ក្មួយៗជាពលករនឹងទទួលជំនាញ វិន័យ ចំណេះដឹង ធនធាន និងបទពិសោធន៍ ដើម្បីយកទៅអនុវត្តនៅប្រទេសយើង មិនតែប៉ុណ្ណោះ ក្មួយៗ ក៏ជាស្ពានសម្រាប់ការទាក់ទាញវិនិយោគដោយផ្ទាល់របស់កូរ៉េ ដែលពួកគេតែងតែកោតសរសើរ និងសង្កេតឃើញថា ពលករកម្ពុជាតែងតែគោរពវិន័យការងារបានត្រឹមត្រូវ និងមានឥរិយាបថល្អអំឡុងពេលបម្រើការងារ»។

    ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើង អំពីការអនុវត្តភារកិច្ច ៥ រួមមាន៖

    ទី១. ពង្រឹងសហប្រតិបត្តិការជាមួយភាគីកូរ៉េ ដើម្បីរក្សា និងបង្កើនការងារជូនពលករកម្ពុជា
    ទី២. ផ្តល់សេវាសាធារណៈជូនក្មួយៗពលករ តាំងពីពេលប្រឡងតេស្តភាសាកូរ៉េ រហូតដល់ពេលធ្វើការ ហើយត្រឡប់ទៅវិញ
    ទី៣. សហការជាមួយភាគីកូរ៉េ ការពារសិទ្ធិការងារតាមច្បាប់ និងអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ
    ទី៤. ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនសមត្ថភាពជូនក្មួយៗ ដើម្បីអាចរកការងារថ្មី និងត្រៀមលក្ខណៈសម្បត្តិពេលដែលវិលត្រឡប់ទៅវិញ
    និងទី៥. សម្របសម្រួលបញ្ហាផ្សេងៗ ការប្រឹក្សា និងដោះស្រាយបញ្ហាទៅដល់ក្មួយ ដោយមិនគិតភាពនឿយហត់ ហើយក្រៅពីនេះ ក្រុមការងារកំពុងជួយសម្របសម្រួលក្នុងការបង្កើតវត្តខ្មែរ និងមជ្ឈមណ្ឌលវប្បធម៌ដើម្បីឱ្យក្មួយៗបានគោរពព្រះពុទ្ធសាសនា ដែលអាចជួបជុំគ្នាគោរពប្រតិបត្តិ និងបង្កើតជាកម្មវិធីកំសាន្តសប្បាយផ្សេងៗ៕ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post: