Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ពលរដ្ឋស្រុកកោះសូទិនសាទរ និងរីករាយយ៉ាងខ្លាំង ក្រោយអាជ្ញាធរខេត្តកំពង់ចាម សម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេតូច សម្រួលការធ្វើដំណើរឆ្លងទៅមក

    BY Naren April 18, 2023
    ពលរដ្ឋស្រុកកោះសូទិនសាទរ និងរីករាយយ៉ាងខ្លាំង ក្រោយអាជ្ញាធរខេត្តកំពង់ចាម សម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេតូច សម្រួលការធ្វើដំណើរឆ្លងទៅមក

    (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ទទួលបានការសាទរពីប្រជាពលរដ្ឋនៅស្រុកកោះសូទិន ជាពិសេសប្រជាពលរដ្ឋនៅក្នុងឃុំពាមប្រធ្នោះ ដែលលោកបានសម្រេចសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេតូច នៅចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដើម្បីសម្រួលការធ្វើដំណើរឆ្លងទៅមករបស់ប្រជាពលរដ្ឋ។

    អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យអាជ្ញាធរកាយដីចេញពីទីតាំងដែលព្រះសង្ឃ និងប្រជាពលរដ្ឋបានចាក់ដីលុបដើម្បីធ្វើផ្លូវឆ្លងកាត់ពីក្រោយម្ខាងទៅត្រើយម្ខាងនៃទន្លេតូចនោះចេញវិញឱ្យបានដូចស្ថានភាពដើម។

    លោកក៏បានបញ្ជាឱ្យអាជ្ញាធរសម្រេចសាងសង់ស្ពានបេតុងមួយខ្សែប្រវែងពី ៩០ទៅ១០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋនៅទីនោះ និងជាការបញ្ចប់ជម្លោះដណ្តើមទឹកគ្នា ក៏ដូចជាការសម្រួល ដល់រំហូរទឹកឱ្យហូរមានលក្ខណៈជាប្រក្រតីឱ្យប្រជាពលរដ្ឋនៅផ្នែកខាងក្រោម ពិសេសនៅស្រុកពារាំង និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានទឹកប្រើប្រាស់គ្រប់គ្រាន់ ដែលមានប្រភពចេញពីទន្លេមេគង្គកាត់តាមទន្លេតូច ក្នុងស្រុកកោះសូទិននេះ។

    សូមបញ្ជាក់ថា ក្រោយដំណោះស្រាយភ្លាមៗរបស់អាជ្ញាធរខេត្តកំពង់ចាម បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានក្តីរំភើបសប្បាយរីករាយក្រៃលែង និងបានស្រែកអបអរសាទរចំពោះលោកអភិបាលខេត្ត ដែលបានដឹកនាំក្រុមការងារចុះមកដោះស្រាយបញ្ហា ដែលជាក្តីកង្វល់របស់ពួកគាត់បានទាន់ពេលវេលា។

    លោក អ៊ុន ចាន់ដា បានបញ្ជាក់ដែរថា ការសាងសង់ស្ពានបេតុងមួយខ្សែដែលមានប្រវែង៩០ទៅ១០០ម៉ែត្រឆ្លងកាត់ទន្លេតូចនេះ អាជ្ញាធរខេត្តកំពុងជំរុញនីតិវិធី ដើម្បីឱ្យមានការចាប់ផ្ដើមដំណើរការសាងសង់ឱ្យបានឆាប់ នៅក្នុងឆ្នាំ២០២៣នេះតែម្តង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: