ព័ត៌មានអន្តរជាតិ April 19, 2023

Elon Musk ប្រកាសនឹងបើកដំណើរការប្រព័ន្ធ AI ថ្មីមួយហៅថា TruthGPT ដើម្បីប្រជែងជាមួយ ChatGPT

Naren

មហាសេដ្ឋីលោក Elon Musk បាននិយាយថា លោកនឹងបើកដំណើរការប្រព័ន្ធឆ្លាតវៃសិប្បនិម្មិត AI «TruthGPT» ដើម្បីមកប្រកួតប្រជែងជាមួយ ChatGPT ដែលជាកម្មវិធីគាំទ្រដោយក្រុមហ៊ុន Microsoft និង Google។ មហាសេដ្ឋីរូបនេះ បានរិះគន់ដោយចំៗ ទៅលើក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុននៅពីក្រោយ chatbot របស់ ChatGPT ថាបានបណ្តុះបណ្តាល AI ឱ្យចេះកុហក ហើយបាននិយាយថា OpenAI បានក្លាយជាអង្គភាពរកប្រាក់ចំណេញ, កូដ​បិទ​ជិត closed source និងជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយ Microsoft។

គាត់ក៏បានចោទប្រកាន់លោក Larry Page ដែលជាសហស្ថាបនិក Google ថា មិនបានយកចិត្តទុកដាក់លើសុវត្ថិភាពពាក់ព័ន្ធនឹង AI ផងដែរ។

លោក Musk បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Tucker Carlson របស់ទូរទស្សន៍ Fox News Channel ថា៖«ខ្ញុំនឹងចាប់ផ្តើមអ្វីមួយ ដែលខ្ញុំហៅថា TruthGPT ឬ AI ស្វែងរកការពិត ដែលព្យាយាមយល់ពីធម្មជាតិនៃសកលលោក»។ គាត់បាននិយាយថា TruthGPT អាចជាផ្លូវដ៏ល្អបំផុតទៅកាន់សុវត្ថិភាព ដែលនឹងមិនបំផ្លាញមនុស្ស។ លោកថា ប្រព័ន្ធនេះចាប់ផ្តើមក្រោយគេពិតមែន ប៉ុន្តែគាត់នឹងព្យាយាមបង្កើតជម្រើសទីបី។ យ៉ាងណាក៏ដោយទាំងលោក Elon Musk, ក្រុមហ៊ុន OpenAI, Microsoft និងលោក Larry Page មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័រទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ