ព័ត៌មានអន្តរជាតិ April 21, 2023

BTS បាត់បង់សញ្ញាធីកពណ៌ខៀវលើ Twitter ធ្វើឲ្យមានប្រតិកម្មពីសំណាក់អ្នកគាំទ្រ លាយឡំនឹងពាក្យគួរឲ្យអស់សំណើច

Naren

(កូរ៉េ)៖ ប្រៀបដូចជាការបញ្ចប់នៃយុគសម័យមួយ សម្រាប់អ្នកប្រើប្រាប់ Twitter រួមទាំងអ្នកធ្លាប់ប្រើកម្មវិធីនេះជាយូរមកហើយ ដូចជា BTS ជាដើម ខណៈថ្មីៗនេះគណនី Twitter ល្បីៗមួយចំនួនកំពុងបាត់បង់សញ្ញាធីកពណ៌ខៀវ។ សូម្បីតែក្រុមចម្រៀងល្បី BTS ដែលមានអ្នកតាមដាន Twitter ចំនួន ៤៨.៣លាននាក់ ក៏បានបាត់សញ្ញាធីកនេះដែរ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ Twitter បានប្រកាសថាខ្លួននឹងដកចេញនូវសញ្ញាធីក នៅថ្ងៃទី២០ ខែមេសា។ ឥឡូវនេះ អ្នកប្រើប្រាស់នឹងត្រូវចុះឈ្មោះប្រើប្រាស់ Twitter Blue ដែលគិតថ្លៃ ពី៨ដុល្លារក្នុងមួយខែឡើងទៅ ទៅតាមប្រភេទគណនី។ បន្ថែមពីលើការទទួលបានសញ្ញាធីក អ្នកប្រើប្រាស់ Twitter Blue មានអាទិភាពក្នុងការសន្ទនា និងការស្វែងរកថែមទៀតផង។ អ្វីដែលពិសេសនឹងឃើញការផ្សាយពាណិជ្ជកម្មតិចជាងមុន អាចបង្ហោះវីដេអូដែលវែងជាងមុន និងគុណភាពខ្ពស់។

ងាកមកគណនី Twitter របស់ BTS ដែលបានបាត់សញ្ញាធីកពណ៌ខៀវ មានអ្នកគាំទ្រខ្លះភ្ញាក់ផ្អើល ហើយចង់ឲ្យ Twitter ផ្ដល់សញ្ញាធីករបស់ BTS មកវិញ ដោយនិយាយថា «ហេតុអ្វីធីកពណ៌ខៀវរបស់ BTS បាត់ហើយ? នោះជាគណនីផ្លូវការរបស់ក្រុមចម្រៀងប្រុស ដ៏ធំបំផុតក្នុងពិភពលោក»។ អ្នកគាំទ្រមួយចំនួនទៀត បាននិយាយថា BTS ដែលប្រើគណនី Twitter តិចតួចនាពេលបច្ចុប្បន្ននេះ នឹងមិនខ្វល់ពីការផ្លាស់ប្តូរនោះទេ៕ ផ្តល់សិទ្ធិដោយ៖ Fresh News