សិល្បៈ April 22, 2023

ចំប៉ីខ្មៅ និយាយថាលោក ជី ដេវីត ត្រូវដុសខាត់នូវ ២ចំនុចនេះឡើងវិញ

Naren

ចំប៉ីខ្មៅ ដែលត្រូវបានគេស្គាល់ថាតារាហ្វេសប៊ុក តែងតែមានវត្តមានវែកញែករឿងរ៉ាវដែលកើតឡើងនៅលើបណ្តាញសង្គម។ ជាក់ស្តែងថ្មីៗនេះ ចំប៉ីខ្មៅ បានចេញវីដេអូរិះគន់ទៅលើលោក ជី ដេវីត ជុំវិញចំនុចខ្វះខាតចំនួន ២ ដែលតារារ៉េបរូបនេះត្រូវដុសខាត់ឡើងវិញ។

ទន្ទឹមគ្នានោះ ចំប៉ីខ្មៅបានដាក់ចំណងជើងលើវីដេអូរបស់ខ្លួនថា «២ចំនុចដែល David គួរតែដុសខាត់»។ នៅក្នុងវីដេអូប្រមាណជាង ៥នាទីនោះ ចំប៉ីខ្មៅបានលើកយកចំនុចខ្វះខាតរបស់លោក ជី ដេវីត ដែលរួមមានដូចជា៖ ចំនុចទី១ ចំប៉ីខ្មៅថា ចម្រៀងរបស់លោក ជី ដេវីត ទី១ អត់មេឡូឌី ឬក៏មេឡូឌីដែលជី ដេវីត មកនៅក្នុងចម្រៀងបាត់ធាតុមួយ។ ដោយចំប៉ីខ្មៅបានលើកឡើងបន្តទៀតថា បទចម្រៀងរបស់លោកជី ដេវីត អត់មានឧបករណ៍ភ្លេងដែលលេងផ្ទាល់ ដូចជាការលេងហ្គីតាផ្ទាល់, ការលេងព្យាណូផ្ទាល់ ឬក៏ឧបករណ៍តន្ត្រីផ្សេងៗដោយផ្ទាល់ គឺលោកជី ដេវីត ជំនួសភ្លេងនៅក្នុងចម្រៀងរបស់លោកដោយប្រើ AI ឬក៏ប្រើបច្ចេកវិទ្យាទំនើបវិញ។ ហេតុនេះទើបធ្វើឲ្យចម្រៀងរបស់លោក ជី ដេវីត ខ្វះរសជាតិនៃឧបករណ៍តន្ត្រី។
និងចំនុចទី ២ ការលេងពាក្យពេចន៍នៅក្នុងចម្រៀង អត់ជួន ផ្ទួន រណ្តំ ដោយបទចម្រៀងរបស់ ជី ដេវីត មិនមានភាសាណាមួយដែលធ្ងន់ ភាសាលន្លង់លន្លោច ស្តាប់ទៅអត់ចាក់ចូលទៅក្រអៅបេះដូងទស្សនិកជន។

ចំប៉ីខ្មៅក៏បានបញ្ជាក់ដែរ បទចម្រៀងពីមុនរបស់លោក ជី ដេវីត គឺល្អ តែទើបតែមួយរយៈចុងក្រោយធ្លាក់ទឹកដៃ។ ចំប៉ីខ្មៅក៏បានបន្ថែមដែរថា ខ្លួនរិះគន់នេះ គឺក្នុងនាមជាអ្នកមើល ជាអ្នកស្តាប់ចម្រៀងរបស់លោក ជី ដេវីត រិះគន់ដើម្បីស្ថាបនា៕

@chompey66♬ original sound – Chompey

អត្ថបទ៖ វិច្ឆិកា