ព័ត៌មានជាតិ April 24, 2023

កីឡាករប្រដាល់ ធឿន ធារ៉ា ខកខានចូលរួមក្នុងការប្រកួតនៅប្រទេសម៉ាឡេស៊ី ព្រោះតែរបួសដៃ

Naren

(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន បានចូលរួមសម្តែងការសោកស្តាយ ក្រោយកីឡាករប្រដាល់ ធឿន ធារ៉ា ខកខានឡើងសង្វៀនប្រកួតនៅប្រទេសម៉ាឡេស៊ី ដែលនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ព្រោះតែរបួសដៃ។

ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា «ឥឡូវនេះខ្ញុំបានមកសួរសុខទុក្ខប្អូនធារ៉ាហើយៗបងប្អូន។ ខ្ញុំឃើញប្អូនធារ៉ាស្ថិតនៅក្នុងស្ថានភាពបែបនេះខ្ញុំមានក្តីអាណិត ប្អូនជាពន់ពេក។ ខ្ញុំបានជួយឧបត្ថម្ភថវិកាចំនួន២លានរៀលសម្រាប់ការហូបចុកផ្សេងៗជាបណ្តោះអាសន្នសិន។ ហើយសម្រាប់ការចំណាយទៅលើការព្យាបាលរបួសដៃរបស់ប្អូនធារ៉ា ខ្ញុំនឹងជួយរហូតទាល់តែជាសះស្បើយ។ ខ្ញុំនឹងតាមដានរាល់ការព្យាបាលរបួសរបស់ប្អូនធារ៉ាជាបន្តបន្ទាប់ ព្រោះខ្ញុំចង់ឃើញប្អូនធារ៉ា អាចឡើងសង្វៀនប្រកួតយកជ័យជំនះជូនប្រទេសជាតិយើងសារជាថ្មីម្តងទៀត។ ខ្ញុំក៏សូមចូលរួមសោកស្តាយផងដែរ ដែលប្អូនធារ៉ាមិនអាចចូលរួមការប្រកួតនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន»។

សូមរំលឹកថាការប្រកួតនៅប្រទេសម៉ាឡេស៊ី កីឡាករប្រដាល់គុនខ្មែរ​ ធឿន​ ធារ៉ា​ មានតំណែងជាគូឯក ត្រូវជួបជាមួយ និងកង ប៉ាធុម។

កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ធឿន ធារ៉ា ត្រូវ​​បោះបង់​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​បួន​ បញ្ហា​ខូច​ដៃ​មិន​អាច​បន្ត​ការប្រកួត​ទៀត​បាន​ជាមួយ​កីឡាករ​ថៃ​ ក្រុង​ ចក្រ​។ តាមការបញ្ជាក់របស់លោកគ្រូពេទ្យកែងដៃរបស់ ធឿន ធារ៉ា ក្រោយពិនិត្យនិងថតរួចមក គឺមិនប៉ះពាល់ដល់ឆ្អឹងទេ ដោយគ្រាន់តែត្រូវសម្រាកព្យាបាលនៅផ្ទះមួយរយៈខ្លីទើបអាចប្រកួតវិញបានធម្មតា។ ជាមួយគ្នានេះ ក្រោយពីចាញ់ការប្រកួត ធឿន ធារ៉ា បានបង្ហោះសារ យ៉ាងដូច្នេះថា «ការប្រកួតមួយនេះ ខ្ញុំសុំទោសទៅដល់ពុកម៉ែបងប្អូនដែលខ្ញុំធ្វើមិនបានល្អ»៕