Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ហ្វីលីពីននឹងបញ្ជូនអត្តពលិកចំនួន ៨៤០នាក់ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា

BY Khmerpress April 25, 2023
ហ្វីលីពីននឹងបញ្ជូនអត្តពលិកចំនួន ៨៤០នាក់ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហ្វីលីពីននឹងបញ្ជូនគណៈប្រតិភូកីឡាចំនួន ៨៤០នាក់ ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៤​ ខែមេសា ឆ្នាំ២០២៣។

ក្នុងពិធីលាគ្នាជាមួយអត្តពលិក លោក Marcos បាននិយាយថា ហ្វីលីពីនមានក្តីសង្ឃឹមខ្ពស់ចំពោះអត្តពលិកហ្វីលីពីន ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាក្នុងតំបន់នៅខែក្រោយនេះ ហើយរំពឹងថា ពួកគេនឹងនាំយកមេដាយ រង្វាន់ និងកិត្តិយសដល់មាតុភូមិ បន្ទាប់ពីព្រឹត្តិការណ៍នេះ។

ដោយលើកឡើងពីសារៈសំខាន់នៃកីឡាចំពោះសង្គម លោក Marcos បានសន្យាបន្តគាំទ្រអត្តពលិកហ្វីលីពីន និងកម្មវិធីកីឡាហ្វីលីពីន។ លោកបានមានប្រសាសន៍ថា «ប្រសិនបើរដ្ឋបាលនេះ រដ្ឋាភិបាលនេះអាចធ្វើអ្វីបានបន្ថែមទៀត ដើម្បីគាំទ្រដល់កីឡាកររបស់យើង នោះខ្ញុំនឹងធ្វើវាភ្លាម»

គួរបញ្ជាក់ថា កីឡាស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា នៅប្រទេសកម្ពុជា ដែលអត្តពលិកហ្វីលីពីន នឹងប្រកួតប្រជែងក្នុង ៣៨វិញ្ញាសា ក្នុងព្រឹត្តិការណ៍ពហុកីឡាដ៏ធំបំផុតប្រចាំតំបន់នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: