Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រី ថោង ខុន៖ មួយសប្ដាហ៍ក្រោយចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជិត៧៩ម៉ឺននាក់នៅបន្តដើរលេងកម្សាន្ត

    BY Khmerpress April 26, 2023
    រដ្ឋមន្ត្រី ថោង ខុន៖ មួយសប្ដាហ៍ក្រោយចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជិត៧៩ម៉ឺននាក់នៅបន្តដើរលេងកម្សាន្ត

    (ភ្នំពេញ)៖ មួយសប្ដាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺចាប់ពីថ្ងៃទី១៧-២៣ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចំនួន៧៨៩,៤៧៣នាក់ នៅបន្តដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមាន៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន៣៥,៧៦៥នាក់។

    បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំនួនភ្ញៀវច្រើននេះ គឺដោយសារភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅបន្តដើរលេងនៅតាមគោលដៅទេសចរណ៍នានា ក៏ដូចជាបន្តលេងកម្សាន្តកម្មវិធីផ្សេងៗបន្ទាប់ពីបញ្ចប់កម្មវិធីចូលឆ្នាំ។

    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

    * រាជធានីភ្នំពេញ ១២១,៧៣៦នាក់
    * ខេត្តស្វាយរៀង ៩៣,៥៦០នាក់
    * ខេត្តបន្ទាយមានជ័យ ៨៨,៦៩៩នាក់
    * ខេត្តបាត់ដំបង ៨១,៤៥៣នាក់
    * ខេត្តកំពត ៦៥,៩១៥នាក់
    * ខេត្តព្រះសីហនុ ៥៨,៨៨៩នាក់
    * ខេត្តសៀមរាប ៥០,៤២៨នាក់។

    លោករដ្ឋមន្ត្រីបានឱ្យដឹងថា ចំនួនភ្ញៀវជិត៨០ម៉ឺននាក់ក្នុងរយៈពេលសប្តាហ៍កន្លងមក ជាចំនួនច្រើនមួយធៀបនឹងសប្តាហ៍ធម្មតាដែលភ្ញៀវទេសចរមានចំនួនជាមធ្យមចន្លោះពី២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ខណៈដែលរយៈពេលចូលឆ្នាំ៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណជាង១៣លាននាក់។

    អ្វីដែលជាការកត់សម្គាល់សំខាន់នោះ គឺជាការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលមានចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តច្រើនបំផុត ពិសេសបន្ទាប់ពីការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បានយ៉ាងល្អ ស្របជាមួយការរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើននៅគ្រប់បណ្តារាជធានី-ខេត្ត ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: