SEA GAMES May 5, 2023

ស៊ីហ្គេម-២០២៣៖ ក្រុមបាល់ទះកម្ពុជា កក់កៅអីវគ្គ ១/២ផ្ដាច់ព្រ័ត្រ ក្រោយឈ្នះដាច់ ២ប្រកួតជាប់ៗគ្នា

Naren

(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសាបាល់ទះបុរសក្នុងសាល នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាហើយ ក្រោយយកឈ្នះដាច់ ៣ប្រកួតជាប់ៗគ្នា ក្នុងពូលA កាលពីថ្មីៗ។

សម្រាប់ប្រកួតទី១ ក្រុមបាល់ទះកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ៣-០សិត ជាមួយពិន្ទុ ២៥-១៤, ២៥-១៩ និង ២៥-២០ពិន្ទុ ។ រីឯប្រកួតទី២ កាលពីម្សិលមិញ ក្រុមម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-០សិត ជាមួយពិន្ទុ ២៥-១៨, ២៥-១៨ និង ២៥-១៧ពិន្ទុ ។

តាមរយៈជ័យជម្នះនេះ នាំឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា ឈរកំពូលតារាងពូល A បណ្ដោះអាសន្ន និងមាន ៦ពិន្ទុពេញ ស្មើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលយកឈ្នះគូប្រកួត ២ប្រកួតដូចគ្នា មុនក្រុមទាំងពីរ ត្រូវជួបគ្នាដណ្ដើមលេខ១ ក្នុងពូល នាល្ងាចថ្ងៃទី០៦ ខែឧសភាស្អែក ។ ចំណែកក្រុមសិង្ហបុរី និងហ្វីលីពីន បានធ្លាក់ទៅហើយ ។

ក្រឡេកទៅចាប់អារម្មណ៍ពូល B វិញ ក្រុមជម្រើសជាតិថៃ បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយរកបាន ៦ពិន្ទុពេញពីជ័យជម្នះ ២ប្រកួតដំបូងរបស់ខ្លួន(នៅសល់ ១ប្រកួតក្នុងដៃ) ។ រីឯក្រុមបាល់ទះម៉ាឡេស៊ី និងវៀតណាម នឹងត្រូវជួបគ្នាកាត់សេចក្ដី ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គបន្ដ ។

គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសាបាល់ទះបុរសក្នុងសាលនេះ នឹងធ្វើឡើងនាថ្ងៃទី០៧ ខែឧសភា ក្រោយបញ្ចប់ការប្រកួតវិលជុំ នាថ្ងៃស្អែក មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៨ ខែឧសភាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ជាមួយការចែកសំបុត្រចូលទស្សនាដោយឥតគិតថ្លៃ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ៕ ផ្តល់សិទ្ធិដោយ៖ Fresh News