កីឡាករ ស៊ិន សុវណ្ណមករា សម្រេចយកប្រាក់ ១ម៉ឺនដុល្លារ ទទួលបានពីការឧបត្ថម្ភរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅចែកដល់ក្រុមជំរើសជាតិបាល់ទាត់កម្ពុជាទាំងមូល
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺនដុល្លារពីឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ស៊ិន សុវណ្ណមករា បានសម្រេចនាំយកនូវប្រាក់ឧបត្ថម្ភទាំង ១ម៉ឺនដុល្លារនេះ ទៅចែកជូនដល់ក្រុមជំរើសជាតិបាល់ទាត់កម្ពុជាទាំងមូល។
តាមរយៈ Facebook ផ្លូវការរបស់ខ្លួន កីឡាករ ស៊ិន សុវណ្ណមករា ដែលតែតបញ្ចូលទីក្រុមជម្រើសជាតិឥណ្ឌូនេស៉ី មួយគ្រាប់ នៃការប្រកួតជម្រើសក្នុងពូល នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទ ស៊ិន សុវណ្ណមករា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានធ្វើការឧបត្ថម្ភទឹកប្រាក់ចំនួន 10000$ (មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក) ជូនចំពោះ ខ្ញុំបាទ ស៊ិនសុវណ្ណមករា ហើយខ្ញុំបាទសុំយកទឹកប្រាក់ឧបត្ថម្ភ ចំនួន 10000$ (មួយម៉ឺនដុល្លារ សហរដ្ឋអាមេរិក)នេះ មកធ្វើជាទឹកប្រាក់ឧបត្ថម្ភ ជូនទៅដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូល។ ជាចុងក្រោយខ្ញុំបាទ ស៊ិន សុវណ្ណមករា សូមលំអោនកាយគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អោយជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបថា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា បើទោះបីកម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ២-១ ក៏ដោយ ប៉ុន្តែកីឡាករ ស៊ិន សុវណ្ណមករា បានធ្វើកិច្ចការយ៉ាងល្អ ដោយតែតបញ្ជូលសំណាញ់ទីរបស់ឥណ្ឌូនេស៊ី បានយ៉ាងឥតខ្ចោះ ដែលនេះបង្ហាញពីកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករកម្ពុជាយើង ក្នុងការដណ្តើមមេដាយ ក្នុងវគ្គជំរុះចែកពូល នៃស៊ីហ្គេម ២០២៣។
សូមជំរាបថា ស្ថិតក្នុងការប្រកួតយ៉ាងស្វិតស្វាញ នៃចុងវគ្គទី១ កីឡាករ ស៊ិន សុវណ្ណមករា រកបានគ្រាប់ស៊ុតបញ្ចូលទីតាមស្មើឲ្យក្រុម U22 កម្ពុជា នៅនាទី៤៥+១ ដែលមួយគ្រាប់នេះ បានរក្សារហូតចប់ការប្រកួតពេញម៉ោង ពេលក្រុមឥណ្ឌូនេស៊ី យកឈ្នះ ២-១ ដែលការប្រកួតធ្វើឡើងនាពហុកីឡដ្ឋានជាតិអូឡាំពិក៕ ផ្តល់សិទ្ធិដោយ៖ Fresh News



