ស៊ីហ្គេម២០២៣៖ អាណាព្យាបាលកីឡាករទូកក្ដោងថៃអរគុណកម្ពុជា ចំពោះការយកចិត្តទុកដាក់ខ្ពស់លើអត្តពលិកគ្រប់បណ្ដាប្រទេស
(ភ្នំពេញ)៖ អាណាព្យាបាលកីឡាករទូកក្ដោងជម្រើសជាតិថៃម្នាក់ បានសម្ដែងការអរគុណម្ចាស់ផ្ទះកម្ពុជា ដែលបានរៀបចំយ៉ាងល្អ ទាំងការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ ហូបចុក ក៏ដូចជាការយកចិត្តទុកដាក់គ្រប់បែបយ៉ាង ចំពោះអត្តពលិកគ្រប់បណ្ដាប្រទេស កំឡុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។
យោងតាមគណនីឈ្មោះ Khemjira Love Poom ដែលគេស្គាល់ជាអាណាព្យាបាលរបស់កីឡាករ Thanapat Siricharoen ម្ចាស់មេដាយប្រាក់កីឡាទូកក្ដោង នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានរៀបរាប់លើបណ្ដាញសង្គមរបស់ខ្លួន ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការទទួលស្វាគមន៍របស់ម្ចាស់ផ្ទះកម្ពុជា ដែលធ្វើឲ្យកីឡាករ-កីឡាការិនីទាំងអស់ មកប្រកួតស៊ីហ្គេម ទទួលបាននូវភាពកក់ក្ដៅ ហើយក៏ធ្វើឲ្យអាណាព្យាបាលពួកគេ គ្មានក្ដីបារម្ភផងដែរ ។
លោកស្រីបញ្ជាក់ថា ទាំងកន្លែងស្នាក់នៅ និងហូបចុក គឺនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ នៅជាប់មាត់សមុទ្រ ជាមួយការញាំអាហារឆ្ងាញ់ ហើយក្រុមការងាររៀបចំ ព្រមទាំងថ្នាក់ដឹកនាំកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងលើពួកគេ ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រុមកងទ័ពជើងទឹកប្រចាំនៅខេត្តព្រះសីហនុ ថែមទាំងរៀបចំនូវនាវាដឹកអាណាព្យាបាលទាំងអស់ទៅទស្សនា និងគាំទ្រកូនៗដោយផ្ទាល់លើផ្ទៃសាគរទៀតផង ។
តាមរយៈនេះ លោកស្រីបានសម្ដែងនូវការអរគុណម្ចាស់ផ្ទះកម្ពុជាថា «រយៈពេល ៥ថ្ងៃ នៃការស្នាក់នៅកម្ពុជា នាខេត្តព្រះសីហនុ គឺពិតជាទទួលបានការថែទាំ និងយកចិត្តទុកដាក់ខ្លាំងពីម្ចាស់ផ្ទះ និងសូមអរគុណដោះស្មោះអស់ពីដួងចិត្ដ» ។
សូមបញ្ជាក់ថា កីឡាទូកក្ដោង បានដំណើរការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី០២-០៨ ខែឧសភា នៅទីលានតេជោ នាខេត្តព្រះសីហនុ ។ ក្រោយឆ្លងកាត់ការប្រកួតលើ ៩វិញ្ញាសា គឺក្រុមអត្តពលិកថៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៥គ្រឿង (មាស៤ ប្រាក់២ និងសំរឹទ្ធ១), សិង្ហបុរី ឈ្នះមេដាយសរុប ៧គ្រឿង (មាស៣ និងប្រាក់៣), ម៉ាឡេស៊ី ឈ្នះមេដាយសរុប ៧គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ៤), ហ្វីលីពីន ឈ្នះមេដាយសរុប ៣គ្រឿង(ប្រាក់១ និងសំរឹទ្ធ៣) និងកម្ពុជា ឈ្នះមេដាយសរំរឹទ្ធ ១គ្រឿង ៕ ផ្តល់សិទ្ធិដោយ៖ freshnews






