CAMSOC ជូនដំណឹងដល់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលចុះឈ្មោះយកសំបុត្រកន្លងមក អាចប្ដូរយកបណ្ណថ្មី ដើម្បីទស្សនាពិធីបិទផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMSOC-CAMAPGOC) បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះ និងបានយកសំបុត្រសម្រាប់ពិធីបិទនាពេលកន្លងមក គឺអាចប្ដូរយកបណ្ណចូលទស្សនាថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ។
យោងតាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែឧសភានេះ បានបញ្ជាក់ថា «គណៈកម្មាធិការជាតិសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះ និងបានទទួលយកសំបុត្រនាពេលកន្លងមក មេត្ដាជ្រាបថា ដើម្បីធានាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ គណៈកម្មាធិការជាតិ នឹងរៀបចំផ្ដល់ជូននូវបណ្ណចូលទស្សនាថ្មី សម្រាប់ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ» ។
«សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះកន្លងមក មេត្ដាយកសំបុត្រសម្រាប់ពិធីបិទ (ដូចមានគំរូជូនភ្ជាប់ខាងក្រោម) មកប្ដូរយកបណ្ណចូលទស្សនាថ្មី ពីបញ្ជរប្ដូរបណ្ណដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការពេលព្រឹក ចាប់ពីម៉ោង ៨៖៣០នាទី ដល់ម៉ោង ១១៖៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២៖៣០នាទី ដល់ម៉ោង ៥៖៣០នាទីល្ងាច» ។
សូមបញ្ជាក់ថា ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភាខាងមុខ នឹងប្រព្រឹទ្ធទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសជាតិមិត្ដ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ-អន្ដរជាតិ និងមហាជនយ៉ាងច្រើនកុះករ ។
ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបិទព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រខាងលើ ពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចបោះពុម្ភសារជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្ដ សម្រាប់ប្រើប្រាសស់ក្នុងពិធីបិទជាផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដើម្បីប្រើប្រាស់ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ CAMSOC កាលពីម្សិលមិញ ៕ ផ្តល់សិទ្ធិដោយ៖ freshnews






