Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល៖ ករណីបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ នៅភ្នំពេញ មិនមែនជាមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹមឡើយ សូមពលរដ្ឋកុំយល់ច្រឡំ

    BY Khmerpress May 13, 2023
    ក្រសួងសុខាភិបាល៖ ករណីបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ នៅភ្នំពេញ មិនមែនជាមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹមឡើយ សូមពលរដ្ឋកុំយល់ច្រឡំ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកបញ្ជាក់ និងបំភ្លឺបន្ថែមជុំវិញការបិទមន្ទីរសម្រាកព្យាបាលឯកជន ចំនួន៣កន្លែង នៅរាជធានីភ្នំពេញ ដោយក្រសួងអះអាងថា ទីតាំងដែលបិទនោះ មិនមែនជាមន្ទីរពេទ្យរបស់រដ្ឋ ដែលមានឈ្មោះ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម [Sihanouk Hospital Center of Hope (SHCH)] នោះឡើយ។

    តាមរយៈសេចក្ដីបញ្ជាក់ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បានឲ្យដឹងថា មន្ទីរសម្រាកព្យាបាលឯជកន ដែលបិទនោះ

    *ទី១៖ មន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្ដីសង្ឃឹម
    *ទី២៖ មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ
    *ទី៣៖ មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង

    មន្ទីរសម្រាកព្យាបាលទាំង ៣កនែ្លងខាងលើនេះ មិនមែនជាមន្ទីរពេទ្យរបស់រដ្ឋ ដែលមានឈ្មោះមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម [Sihanouk Hospital Center of Hope (SHCH)] នោះឡើយ។

    នាពេលកន្លងមកនេះ ក្រសួងបានខិតខំពង្រឹងការងារផ្តល់សេវាសុខាភិបាល ជាពិសេសផ្នែកឯកជននេះ ឲ្យបានសមស្របទៅនឹងនិយាមប្រតិបត្តិស្តង់ដារអប្បបរមា (Minimum standard) ដែលក្រសួងបានចេញផ្សព្វផ្សាយរួចហើយនៅដើមឆ្នាំ២០២៣នេះ ជាមួយនឹងការជំរុញឲ្យមានការអនុវត្តន៍សេចក្តីណែនាំ និងច្បាប់ទម្លាប់នានា ដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    ក្រសួង ក៏ធ្លាប់បានបិទគ្លីនិកឯកជនមួយចំនួនដែលមិនគោរពតាមច្បាប់ទម្លាប់ ឬក៏បានប្រព្រឹត្តនូវទង្វើមិនសមស្របតាមគោលការណ៍បច្ចេកទេស ហើយក្រសួង នឹងបន្តធ្វើការត្រួតពិនិត្យបច្ចេកទេសនេះ តាមរយៈក្រុមការងារដែលបានបង្កើតឡើងរួចហើយ នៅតាមសេវាឯកជនផ្សេងៗទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

    ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋលើការបន្តការតាមដានសុខភាព ឬការស្វែងរកការពិនិត្យ ព្យាបាលជំងឺនោះ ក្រសួង ក៏សូមបញ្ជាក់ជូនផងដែរថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានមន្ទីរជាតិចំនួន ១២កន្លែង មន្ទីរពេទ្យរាជធានី-ខេត្តចំនួន ២៥ មន្ទីរពេទ្យបង្អែកស្រុកចំនួន ៩៥កន្លែង មណ្ឌលសុខភាពចំនួន ១.២៨៨កន្លែង និងប៉ុស្តិ៍សុខភាពចំនួន ១២៥កន្លែង ដែលកំពុងបន្តផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរើសវណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយដែលជាជម្រើសសម្រាប់បងប្អូន ដែលមានបំណងទៅស្វែងរកការពិនិត្យ និងព្យាបាលសុខភាព ហើយមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិមួយចំនួន ក៏មានបម្រើសេវាពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម លើសឈាម បេះដូង សរសៃប្រសាទ និងជំងឺផ្សេងៗផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: