ក្រោយអ្នកស្ម័គ្រចិត្តកម្ពុជាគោរពស្រលាញ់ និងនាំគ្នាសុំថតរូបយ៉ាងច្រើន កីឡាករសិង្ហបុរីម្នាក់លាន់មាត់ថា «គាត់មិនដែលទទួលបានការគាំទ្រច្រើនបែបនេះនៅក្នុងប្រទេសសិង្ហបុរីពីមុនមកទេ»
កាលពីពេលថ្មីៗនេះ មានវីដេអូនៅលើ TikTok មួយ កំពុងផ្ទុះការចាប់អារម្មណ៍ និងការចូលមើលយ៉ាងច្រើន ក្រោយវាបានបង្ហាញពីក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានចូលទៅថតរូបកីឡាករ Cricket របស់សិង្ហបុរី Raoul Sharma យ៉ាងច្រើនកុះករ។ រំលឹកដែរថា កីឡាករ Sharma បានមកដល់កម្ពុជាកាលពីដើមខែឧសភា និងបានឈ្នះមេដាយមាសឱ្យសិង្ហបុរីផងដែរ ប៉ុន្តែវាស្ទើរតែមិនគួរឱ្យជឿសម្រាប់គាត់ នៅពេលដែលគាត់មានអ្នកគាំទ្រយ៉ាងច្រើននៅកម្ពុជា។
កីឡាករ Sharma នៅពេលត្រឡប់ទៅដល់សិង្ហបុរីវិញបានប្រាប់កាសែត The Straits Times ថា៖«ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ។ ខ្ញុំទើបតែដើរចេញពីជុំរុំក្រុមរបស់ខ្ញុំទៅបន្ទប់ទឹក ហើយក៏មានអ្នកស្ម័គ្រចិត្តម្នាក់បានរត់មកសុំខ្ញុំថតរូបជាមួយ»។ លោកបានបន្ថែមថា លោកបានថតរូបជាមួយនឹងអ្នកស្ម័គ្រចិត្តកម្ពុជាប្រមាណពី ២០ ទៅ ៣០ នាក់ ដែលមានភាពរួសរាយរាក់ទាក់ និងចិត្តល្អ។ លោកបាននិយាយថា លោកក៏មិនបានដឹងពីវីដេអូ TikTok ដែលកំពុងតែល្បីនេះដែរ រហូតទាល់តែមានមិត្តម្នាក់ផ្ញើឱ្យគាត់មើល។ ឥឡូវនេះ វីដេអូ TikTok មួយនោះមានអ្នកចូលមើលដល់ទៅ ១.១ លានដង។
អ្នកប្រើ TikTok ម្នាក់បានបញ្ចេញមតិថា៖«វាជាការល្អដែលឃើញអត្តពលិកទាំងនេះ ផ្តល់ពេលវេលាឱ្យអ្នកគាំទ្រ»។ អ្នកផ្សេងទៀតជាច្រើន បានភ្ញាក់ផ្អើលលើរូបរាងដ៏ល្អរបស់អ្នកកីឡា Cricket កម្ពស់ ១.៨៨ ម៉ែត្ររូបនេះ ដោយអ្នកខ្លះបាននិយាយលេងសើចថា ពួកគេចង់ចុះឈ្មោះជាអ្នកស្ម័គ្រចិត្តនៅក្នុងស៊ីហ្គេម។
កីឡាករ Sharma ដែលបានលេងកីឡានេះ តាំងពីគាត់អាយុ ៧ឆ្នាំ បាននិយាយថា គាត់មិនបានទទួលការគាំទ្របែបនេះនៅក្នុងប្រទេសសិង្ហបុរីពីមុនមកទេ។ មិត្តភ័ក្តិរបស់ Sharma មួយចំនួនដែលបានទស្សនាវីដេអូក៏បានបង្អាប់លេងសើចដាក់គាត់ ប៉ុន្តែសម្រាប់គាត់វាជាបទពិសោធន៍ថ្មីមួយ ហើយជាការចងចាំល្អៗ ស្របពេលដែលគាត់កំពុងលេងឱ្យជម្រើសជាតិ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
@davin_sapphire when all the volunteers crush on the same athlete ពេលអ្នកស្ម័គ្រចិត្ត crush លើកីឡាករតែមួយ 💜 #BeyondTheGames #លើសពីការប្រកួត #ភាសាបេះដូង #SEAgames2023 #cambodia2023 #BTGchallenge #បេះដូងលោតក្នុងចង្វាក់តែមួយ #HeartsBeatinSync #singarpore #cricket #crush #davinsapphire #foryou #viral ♬ Cupid – Twin Ver. (FIFTY FIFTY) – Sped Up Version – sped up 8282
