Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជប៉ុន នឹងចុះហត្ថលេខាផ្តល់ជំនួយឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៥៥លានដុល្លារ ដល់កម្ពុជា

    BY Khmerpress May 22, 2023
    ជប៉ុន នឹងចុះហត្ថលេខាផ្តល់ជំនួយឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៥៥លានដុល្លារ ដល់កម្ពុជា

    (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នឹងចុះហត្ថលេខាការផ្តល់ជំនួយឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន ៥៥,២៧លានដុល្លារ បន្ថែមដល់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។

    (រូបតំណាង)

    ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះនឹងធ្វើឡើងរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីស្តីការក្រសួងការបរទេស។

    លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖

    ទី១៖ ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥លានយ៉េន (ប្រមាណ ៥២,៦លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤»

    និងទី២៖ ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៦៦លានយ៉េន (ប្រមាណ ២,៦៧លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»

    ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: