ព័ត៌មានជាតិ May 24, 2023

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្លក់ (block) តេឡេក្រាម ជនពូកែនាំរឿងជូនសម្តេច

Naren

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្លក់ (block) ចោលនូវតេឡេក្រាមជនណាដែលពូកែនាំរឿងជូនសម្តេច ព្រោះសម្តេចមានរឿងច្រើនណាស់ដែលត្រូវដោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «អ្នកខ្លះអេដ (add ) ចូលក្នុងតេលេក្រាមរបស់ខ្ញុំ ហើយនាំរឿងមក ខ្ញុំសុំលុបចោលហើយ ម្សិលមិញលុបចោលមួយ បើសិនជាអេដចូលមកជាមួយខ្ញុំ ខ្ញុំមិនអនុញ្ញាតឱ្យអេដទេ ក៏ប៉ុន្តែអ្នកខ្លះដែលបានអេដហើយ សុំកុំនាំរឿងមកឱ្យខ្ញុំ ខ្ញុំមានការច្រើនណាស់ ឥលូវគឺម្នាក់ដែលខ្ញុំលុបចោលពីម្សិលពេលដែលខ្ញុំទទួលភ្ញៀវ កំពុងតែដើរចូលទៅធម្មតាខ្ញុំឆេកមើលទោះបីជាខ្ញុំដើរទៅកាន់ការិយាល័យ ឃើញផ្ញើមកទៀត អានេះជំនួញដីធ្លីតែម្តង តិចវាយករឿងនេះ តិចវាយករឿងនោះ ក្នុងពេលអាជ្ញាធរគេដោះស្រាយ ហើយនាយករដ្ឋមន្ត្រីទៅដោះស្រាយអញ្ចឹង ចឹងសូមប្រកាសឱ្យហើយ សុំទោសទុកជាមុន ខ្ញុំនឹងប្លក់ (block) ចោល ចំពោះអ្នកណាដែលចូលមកជាមួយយើង ហើយនាំរឿងមកឱ្យយើង»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចដឹងថាអ្នកទាំងអស់គ្នាចង់រកយុត្តិធម៍ ក៏ប៉ុន្តែបើមួយប្រទេសដាក់រឿងមកឱ្យនាយករដ្ឋមន្ត្រីដោះស្រាយ ទៅដោះស្រាយធ្វើមិច ហើយកន្លងទៅពេលឃើញរឿងមក សម្តេចតែងតែមើលថា រឿងកើតឡើងនៅខេត្តណា បញ្ជូនទៅឱ្យខេត្តនោះដោះស្រាយ ហើយយូរៗទៅ មានរឿងស្ទើរតែរាល់ថ្ងៃដាក់មក ចឹងប្លក់ចោលតែម្តងទៅ ហើយបន្ទាប់ទៀត សម្តេចនឹងចាប់ផ្តើមប្លក់ចោលជាបណ្តើរងថែមទៀត ដោយសារមានរឿងច្រើនពេក។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជូនដែរថា រាល់ពេលធ្វើសារមកសម្តេច សុំកុំធ្វើវែងពេក ដោយសម្តេចមិនមានពេលច្រើនសម្រាប់ស្តាប់ និងមើលនោះទេ ដោយសារសម្តេចមានការងាររវល់ច្រើន ដូចនេះហើយរាល់ការផ្ញើសារទៅសម្តេច ធ្វើយ៉ាងណាឱ្យខ្លីខ្លឹមតែម្តង ព្រោះសម្តេចមិនមានពេលអាននោះទេ។ សម្តេចបានបញ្ជាក់ថា មានរឿងខ្លះដែលផ្ញើមកសម្តេចឱ្យជួយដោះស្រាយ គឺជារឿងដែលគេដោះស្រាយបានច្រើនហើយ ហើយដាក់ឱ្យសម្តេចជួយដោះស្រាយទៀត ចឹងមានតែប្លក់ចោលហើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News