អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានជំនួយភ្លាមៗចំនួន ៣៣៣ លានដុល្លារ ដល់ប្រទេសមីយ៉ាន់ម៉ាដែលរងគ្រោះដោយព្យុះស៊ីក្លូន Mocha
- BY
- Khmerpress
- May 24, 2023
អង្គការសហប្រជាជាតិ (UN) បានជំរុញសហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ៣៣៣ លានដុល្លារ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះស៊ីក្លូន Mocha។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌កាលពីថ្ងៃអង្គារ បានចេញសេចក្តីអំពាវនាវភ្លាមៗដើម្បីចែកចាយស្បៀងអាហារ និងការផ្គត់ផ្គង់ថ្នាំពេទ្យ និងបង្កើតជម្រកសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ចំនួន ១.៦ លាននាក់។ ព្យុះបានបោកបក់នៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៤ ឧសភា ដែលបានបង្កការខូចខាតយ៉ាងធំ ភាគច្រើននៅតំបន់ភាគខាងលិច។
ជាមួយគ្នានេះ យោធាមីយ៉ាន់ម៉ាមិនបានផ្តល់ព័ត៌មានលម្អិតអំពីការខូចខាតនេះទេ ខណៈរដ្ឋាភិបាលរួបរួមជាតិដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបាននិយាយថា មនុស្ស ៤៥៥នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់។ រដ្ឋ Rakhine នៅភាគខាងលិច បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ហើយទីនោះគឺជាជម្រករបស់ជនមូស្លីមរ៉ូហ៊ីងយ៉ា ដែលរងការបង្រ្កាបពីសំណាក់យោធា។
កម្មវិធីស្បៀងអាហារពិភពលោក ក៏បានចាប់ផ្តើមចែកចាយស្បៀងអាហារនៅតាមផ្នែកខ្លះនៃរដ្ឋ Rakhine ប៉ុន្តែអង្គការសហប្រជាជាតិនិយាយថា ជំនួយពេញលេញនឹងមិនត្រូវបានផ្តល់ឱ្យនៅពេលណាមួយក្នុងពេលឆាប់ៗនេះទេ ដោយសារលទ្ធភាពផ្គត់ផ្គង់បុគ្គលិកមនុស្សធម៌របស់យោធា គឺនៅមានកម្រិត។ ម្យ៉ាងទៀត សហគមន៍អន្តរជាតិមានការស្ទាក់ស្ទើរក្នុងការផ្តល់ជំនួយដល់មីយ៉ាន់ម៉ា ដែលត្រូវបានគ្រប់គ្រងដោយយោធា ខណៈលោកខាងលិចតែងតែចាប់អារម្មណ៍លើអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
- Share This Post: