Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់», គិតត្រឹមថ្ងៃទី០១ ខែមិថុនា មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគជាង ៥២ម៉ឺនដុល្លារ ពីសប្បុរសជនជាង ១២ម៉ឺននាក់

    BY Khmerpress June 2, 2023
    យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់», គិតត្រឹមថ្ងៃទី០១ ខែមិថុនា មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគជាង ៥២ម៉ឺនដុល្លារ ពីសប្បុរសជនជាង ១២ម៉ឺននាក់

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគតាមប្រព័ន្ធធនាគារអនឡាញ ចំនួនជាង៥២ម៉ឺនដុល្លារអាមេរិក ពីសំណាក់សប្បុរសជនជាង១២ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីការចូលរួមយ៉ាងផុសផុល របស់សប្បុរសជនរាប់ម៉ឺននាក់ ជាមួយយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រចាំឆ្នាំ២០២៣នេះ។ នេះបើតាមការឲ្យដឹងពីលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។

    លោក រស់ សីលវ៉ា ក៏បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» និងចូលរួមបរិច្ចាគឲ្យបានកាន់តែផុសផុលថែមទៀត ដើម្បីជួយសង្រ្គោះកុមារនៅកម្ពុជា។

    លោកបានអះអាងថា ទោះបីជា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេលតែ១ខែ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ក៏ដោយ, មិនមែនមានន័យថាមូលនិធិឈប់ទទួលការបរិច្ចាគពីស្បុរសជននោះទេ ដោយហេតុថាមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ ឬប្រមាណ៤០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា។

    ក្នុងន័យនេះ និងក្នុងស្មារតី «ខ្មែរជួយខ្មែរ» លោកសូមអំពាវនាវដល់សប្បុរសជនទាំងអស់បន្តចូលរួមបរិច្ចាគ ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

    ដូចតាមការគ្រោងទុក មូលនិធិគន្ធបុប្ផាកម្ពុជា បានចាប់ផ្តើមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាហើយ ដែលមានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា។

    មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវគ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» និងចូលរួមបរិច្ចាគឱ្យបានផុសផុល ដើម្បីជួយសង្រ្គោះកុមារ។ ថវិកាបរិច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។

    សូមស្កែន KHQR CODE ខាងក្រោមនេះ ឬ ចុចតំណនេះដើម្បីបរិច្ចាគ https://bit.ly/3LadoxO (តំណទៅកាន់ KH QRCODE) https://bit.ly/3XBzbDn (តំណទៅកាន់លេខគណនី) ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: