Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ ជួបបញ្ហាម្ចាស់បុរីរឹបអូសផ្ទះ សូមទាក់ទងទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លេខទូរស័ព្ទ៖ ០៩២ ២២៥ ៣៣៣, ០១២ ២៣៩ ១៩០, ០១១ ៧១១ ៩៧៩

    BY Khmerpress June 9, 2023
    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ ជួបបញ្ហាម្ចាស់បុរីរឹបអូសផ្ទះ សូមទាក់ទងទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លេខទូរស័ព្ទ៖ ០៩២ ២២៥ ៣៣៣, ០១២ ២៣៩ ១៩០, ០១១ ៧១១ ៩៧៩

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហាត្រូវបានម្ចាស់បុរី ឬផ្ទះលែងរឹបអូសផ្ទះ ព្រោះតែគ្មានលទ្ធភាពបង់បន្ត សូមទាក់ទងទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីស្រង់យកទិន្នន័យច្បាស់លាស់ ជាក់លាក់ ងាយស្រួលដោះស្រាយបញ្ហាជូន។

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានអាស័យដ្ឋាន នៅខាងកើតជាប់វត្តភ្នំ ដែលទាក់ទងតាមលេខទូរស័ព្ទ៖ ០៩២ ២២៥ ៣៣៣, ០១២ ២៣៩ ១៩០, ០១១ ៧១១ ៩៧៩។

    ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសម្តេចទទួលបានព័ត៌មាន ពីការរឹបអូសផ្ទះពីប្រជាពលរដ្ឋ ដែលខ្លះខំប្រឹងសន្សំបង់រំលស់រាប់ឆ្នាំ ប៉ុន្តែដោយសារបញ្ហាសេដ្ឋកិច្ច មិនមានលទ្ធភាពបង់បន្តបាន ក៏ត្រូវបានម្ចាស់បុរីរឹបអូសផ្ទះយកវិញ។

    ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ខ្ញុំប្រគល់ការងារនេះឲ្យ សុខចិន្តា តើមនុស្សប៉ុន្មាននាក់ត្រូវបានគេរឹបអូសផ្ទះ ហើយម្នាក់ៗត្រូវបង់ឲ្យគេប៉ុន្មានរួចហើយគេរឹបអូស ឥឡូវសុំអញ្ជើញទៅទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទំនាក់ទំនងគ្នាងាយស្រួល ខ្ញុំគាន់តែចង់ដឹងតួលេខនេះ ហើយបុរីណាខ្លះដែលបានរឹបអូស អីចឹងយើងពិនិត្យមើល»

    សម្តេចតេជោបញ្ជាក់ថា ការស្រង់បញ្ជីឈ្មោះអ្នកដែលត្រូវគេរឹបអូសផ្ទះនេះ គឺជាផ្នែកមួយនៃយុត្តិធម៌សង្គម ដែលសម្តេចត្រូវតែពិនិត្យ ព្រោះការរឹមអូសខ្លះឆៅៗពេក ដែលបង្កើតឲ្យមានទឹកភ្នែកសម្រាប់ប្រជាពលរដ្ឋ។

    ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ស្នើទៅម្ចាស់បុរី រៀបចំការបង់ប្រាក់រំលោះឡើងវិញ ដើម្បីសម្រួលម្ចាស់ផ្ទះ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ ហើយបញ្ចៀសបានការរឹបអូសផ្ទះ។ សម្តេចក៏បានស្នើឱ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយពិនិត្យ និងសម្រួលលើការបង់រំលោះផ្ទះនៅតាមបុរីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: