Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកភាពចុះបញ្ជីឱ្យក្រុមហ៊ុនឯកជនចំនួន៦ វិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណជា ៤៥លានដុល្លារ

    BY Khmerpress June 16, 2023
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកភាពចុះបញ្ជីឱ្យក្រុមហ៊ុនឯកជនចំនួន៦ វិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណជា ៤៥លានដុល្លារ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជី ជាស្ថាពរ ដល់ក្រុមហ៊ុនវិនិយោគចំនួន៦ទីតាំង ក្នុងទំហំទឹកប្រាក់វិនិយោគសរុបប្រមណ ៤៥លានដុល្លារ ជាមួយឱកាសការងារ​ជាច្រើនរាប់ពាន់កន្លែង។

    ​យោងតាមសេចក្ដីប្រកាសពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ​ជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេច ចេញវិញ្ញាបន​បត្រ​​ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន៖

    ១-“DRF-MART FA DAO JIA TRADING CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២៧កន្លែង។​

    ២-“ZHAO CHUNXIANG PROCESSING FACTORY CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើម ប្រេងខ្យល់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៣កន្លែង។

    ៣- “GREAT ZHENXIN GARMENT CO., LTD” គម្រោងបង្កើតរោង ចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវបេតុង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៥៣៧កន្លែង។

    ៤-“NIUENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៥៣០កន្លែង។

    ៥- “LONG MARCH GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.៧២៣កន្លែង។

    ៦-“TEAM INDUSTRIAL COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិត សម្ភារវេចខ្ចប់(ថង់យួរ) និងដងវ៉ាលិសដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង។

    ​គម្រោងទាំងនេះ នឹងបើកបង្កើតរោងចក្រកែច្នៃឈើដាំ រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតកាបូប រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតវ៉ាលិស រោងចក្រផលិតសម្ភារវេចខ្ចប់ (ថង់យួរ) និងដងវ៉ាលិស និងផ្សារទំនើប ជាមួយនឹងទុន វិនិយោគសរុបប្រមាណ ៤៥លានដុល្លារ។ តាមរយៈគម្រោងនេះ នឹងអាចផ្ដល់ឱកាសការងារ ដល់​ប្រជា​ពលរដ្ឋក្នុងតំបន់បានចំនួន៧,១៧៦ កន្លែង៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: