Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទំនិញនាំចូលពីបរទេស ផុតកំណត់ការប្រើប្រាស់ជាង ៨៤តោន ត្រូវបានដុតបំផ្លាញចោល នៅទីលានចាក់សំរាមអូរតាសេក ខេត្តព្រះសីហនុ

    BY Khmerpress June 16, 2023
    ទំនិញនាំចូលពីបរទេស ផុតកំណត់ការប្រើប្រាស់ជាង ៨៤តោន ត្រូវបានដុតបំផ្លាញចោល នៅទីលានចាក់សំរាមអូរតាសេក ខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា មន្ត្រីសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធមកពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

    មន្ទីរបរិស្ថានខេត្តព្រះសីហនុ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ធ្វើការដុតបំផ្លាញចោលទំនិញខូចគុណភាពចំនួន ៤មុខទំនិញ មានទម្ងន់សរុប ៨៤,៨៤០.៥ គីឡូក្រាម នៅទីលានចាក់សំរាមអូរតាសេក ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទំនិញទាំងនោះរួមមាន៖​

    ១-សណ្តែកចំនួន ៣៥៦ បាវ ទម្ងន់ ១៥,៣០៨ គីឡូក្រាម
    ២-គ្រាប់ពោតចំនួន ៨៧៥ បាវ ទម្ងន់ ៤៣,៧៥០ គីឡូក្រាម
    ៣-ពូជផ្សិតចំនួន ៦៤០ កេស ទម្ងន់ ១០,៥៤០ គីឡូក្រាម
    ៤-ស៊ីហ្សាចំនួន ១,៤៩៩ កេស ទម្ងន់ ១១,២៤២.៥ គីឡូក្រាម។

    សូមបញ្ជាក់ជូនថា ទំនិញខាងលើនេះត្រូវបាននាំចូលពីបរទេស និងរក្សាទុកក្នុងឃ្លាំងទំនិញនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីរង់ចាំម្ចាស់ទំនិញអញ្ជើញមកបំពេញបែបបទបញ្ចេញទំនិញគយ។ ដោយសារពុំឃើញម្ចាស់ទំនិញអញ្ជើញមកបំពេញបែបបទក្នុងរយៈពេលដែលបានកំណត់ ទំនិញទាំងនេះត្រូវបានចាត់ទុកជាទំនិញគ្មានការទាមទារ ស្របតាមនីតិវិធីគយជាធរមាន។

    ប៉ុន្តែដោយសារផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពមិនអាចយកទៅប្រើប្រាស់បាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការឯកភាពពីអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចដុតបំផ្លាញចោលតែម្តង ៕ ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

    Share This Post: