សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ពេលរាជធានីភ្នំពេញផលិតទឹកបានជាង១លានម៉ែត្រគូប ក្នុង១ថ្ងៃ នឹងលុបបំបាត់បានអតុល្យភាពនៃការផលិតនិងការប្រើប្រាស់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវក្ដីសង្ឃឹមថា នៅពេលដែលរាជធានីភ្នំពេញអាចផលិតទឹកបាន ១ លានម៉ែត្រគូប ក្នុងមួយថ្ងៃ នឹងលុបបំបាត់បាននូវអតុល្យភាពរវាងតម្រូវការប្រើប្រាស់ និងការផលិត។
ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែង ជំហានទី១ ដែលជារោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា មានទីតាំងនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ ជាមួយនឹងការបំពេញបន្ថែមសមត្ថភាពថ្មីរបស់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ ចំនួន ១៩៥ ០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ បានរុញបញ្ជូនទឹកស្អាតទៅក្នុងក្រុងភ្នំពេញដែលធ្វើឱ្យសមត្ថភាពផលិតនិងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនដល់ ៨៤ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ សម្តេចតេជោបញ្ជាក់ថា នៅឆ្នាំ ២០២៤ ខាងមុខនេះរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត ១៩៥ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ នឹងត្រូវសាងសង់ហើយរួចរាល់ ដែលនឹងជួយបំពេញបន្ថែមទៀតសម្រាប់តម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ទន្ទឹមនេះ រោងចក្រដែលអាចផលិតបាន ៩៨០ ០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ ដែលចាប់តាំងពីខែមករា ឆ្នាំ ២០២៥ ទៅការផលិតទឹកស្អាតមានរហូតដល់ ១ ១០៧ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយចន្លោះ ឆ្នាំ ២០២៥ ដល់ ឆ្នាំ២០៣០ យើងនឹងផលិតបាន ១ ៨០០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ។
តែទោះបីយ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា បើនិយាយពីបញ្ហាទឹក និងភ្លើងកុំនិយាយពាក្យថាគ្រប់គ្រាន់ឱ្យសោះ ពីព្រោះមនុស្សកើតរាល់ថ្ងៃ ហើយបើនិយាយពីតម្រូវការប្រើប្រាស់មានការកើនឡើង។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «វាគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ ប៉ុន្តែវាមិនអាចគ្រប់គ្រាន់សម្រាប់ថ្ងៃស្អែកទេ»។
សម្តេចតេជោបានលើកឡើងថា នៅពេលដែរយើងកំពុងអង្គុយនៅទីនេះតើមានទារកប៉ុន្មាននាក់ដែលត្រូវកើត ហើយយើងកំពុងអង្គុយនេះតើមានមនុស្សប៉ុន្មានគូរដែលកំពុងរៀបការ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «អីចឹងតែកាលណាចំនួនមនុស្សកើនឡើង តម្រូវការប្រើប្រាស់ នឹងកើនឡើង។ នៅពេលដែលគេរៀបការច្បា ស់ជាត្រូវការផ្ទះសម្បែង និងកសាងក្រុមគ្រួសារ ដូច្នេះវាត្រូវតែមានការបំបែកផ្ទះ ហើយត្រូវការភ្លើង ត្រូវការទឹក។ អីចឹងទេបានជាយើងដាក់ផែនការផលិតរបស់យើងជាបន្តបន្ទាប់មិនអាចនៅទ្រឹង មួយកន្លែងនោះទេ៕ ប្រភព៖ ក្រសួងព័ត៌មាន



