Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសទទួលស្គាល់ជាខេត្ត បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)

    BY Khmerpress June 20, 2023
    ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសទទួលស្គាល់ជាខេត្ត បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)

    (កំពង់ឆ្នាំង)៖ ខេត្ដកំពង់ឆ្នាំង ត្រូវបានប្រកាសទទួលស្គាល់ជាខេត្ត ដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ូ គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានការចូលរួមពី មន្ដ្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅវេទិកាសួនច្បារដើមពោធិ៍។

    ថ្លែងក្នុងឱកាសនោះ លោក ស៊ូ គង់ បានលើកឡើងថា តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យប្រជាជនខេត្តកំពង់ឆ្នាំង បានផ្លាស់ប្តូរទម្លាប់ ពីការហូបទឹកគ្មានសុវត្ថិភាព មកហូបទឹកស្អាត មានសុវត្ថិភាព និងពីការបន្ទោរបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅដែលមានភាពស៊ីវិល័យ។

    លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តថា គិតដល់ពេលនេះ មានខេត្តចំនួន៥ហើយ ដែលសម្រេចបានជាខេត្ត លែងមានការបន្ទោរបង់ពាសវាលពាសកាល (ODF) ក្នុងនោះរួមមាន ខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលកំពុងធ្វើពិធីប្រកាសទទួលស្គាល់ ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល នាពេលនេះ។ ដោយឡែក ខេត្តកែប នឹងសម្រេចនាពេលឆាប់ៗខាងមុខនេះផងដែរ។ ចំណែកខេត្តទាំង៥ ដែលមាន (ODF) នេះមានភូមិចំនួន៧,០០៩ភូមិ, ឃុំចំនួន៥៤៥ឃុំ និងស្រុកចំនួន៤៦ស្រុក។

    លោកបានបន្ថែមទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ប្រជាជននៅជនបទ ដើម្បីឲ្យពួកគាត់ទទួលបាននូវការអភិវឌ្ឍរស់នៅប្រកបដោយសុខដុមរមនា និងស៊ីវិល័យ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗដូច ជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាបុរេលក្ខណ្ឌ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច សង្គមកិច្ចរវាងតំបន់ជនបទ និងទីប្រជុំជន។

    ការធ្វើសកម្មភាពសេដ្ឋកិច្ចជនបទ ដោយគិតតាំងពីមុខរបរកសិកម្ម និងមុខរបរផ្សេងៗទៀត នៅតាមសហគមន៍ជនបទ ដើម្បីបានចូលរួមដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ បង្កើនប្រាក់ចំណូលគ្រួសារនីមួយៗ លើកកម្ពស់ស្ថានភាពសង្គមកិច្ច និងវប្បធម៌ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងរួមចំណែកលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅ កាត់បន្ថយគម្លាត នៃការផ្តល់សេវាមូលដ្ឋានរវាងទីក្រុង ទីប្រជុំជន និងទីជនបទ គម្លាតរវាងគ្រួសាដែលមានជីវភាពធូធារ។

    លោក ស៊ូ គង់ ក៏បានកោតសសើរដល់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដែលបានសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ជាពិសេសការលើកកម្ពស់លក្ខខណ្ឌ នៃការរស់នៅតាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។

    នៅក្នុងពិធីនេះ លោក ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋប្រើប្រាស់អណ្ដូងស្នប់សរុបចំនួន ១៩,៧១៩អណ្ដូង, អណ្ដូងលូសរុបចំនួន១០,៦៤៤ អណ្ដូង, ស្រះសហគមន៍សរុបចំនួន១៨០ស្រះ, អាងត្រងទឹកភ្លៀងសរុបចំនួន១,០៣៣អាង, ប្រព័ន្ធចែកចាយទឹកសហគមន៍សរុបចំនួន១៧កន្លែង, ស្ថានីយ៍បន្សុទ្ធទឹកស្អាតសរុបចំនួន១២កន្លែង។

    ប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់ ១១៦,៦៤៨ខ្នង នៃចំនួនខ្នងផ្ទះសរុប១៩៥,៤០៦ខ្នង ចំនួនខ្នងផ្ទះប្រើបង្គន់អនាម័យមានចំនួន១១,២០២ខ្នង។ ស្ថានភាពក្រុង ស្រុក ដែលទទួលបាន (ODF) មាន៖ ក្រុងកំពង់ឆ្នាំង ទទួលបាននៅឆ្នាំ២០២២ និងស្រុកចំនួន៧ទៀត រួមមានស្រុកបរិបូណ៌, ជលគីរី, កំពង់លែង, រលាប្អៀរ, កំពង់ត្រឡាច, សាមគ្គីមានជ័យ និងស្រុកទឹកផុស ទទួលបាន (ODF) នៅចុងខែមីនា ឆ្នាំ២០២៣នេះ។

    នៅក្នុងពិធីនេះ ក៏មានការផ្ដល់ជូននៅប័ណ្ណសរសើរដល់អភិបាលខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងលោកអភិបាលស្រុកគ្រប់ស្រុកផងដែរ និងក៏មានការហែរក្បួនអបអរសាទរខេត្តកំពង់ឆ្នាំង ជាខេត្តលែងមានការបន្ទោរបង់ពាសវាលពាសកាល តាមផ្លូវនានានៅក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋចូលរួមអបអរសាទយ៉ាងច្រើនកុះករ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: