Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ដ្រីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវប្រជាពលរដ្ឋចូលរួមប្រើប្រាស់ប្រាក់រៀល ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន

    BY Khmerpress June 24, 2023
    មន្ដ្រីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវប្រជាពលរដ្ឋចូលរួមប្រើប្រាស់ប្រាក់រៀល ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ដ្រីជាន់ខ្ពស់ធនាគារជាតិ បានអំពាវនាវប្រជាពលរដ្ឋសូមចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែច្រើន ដើម្បីលើកតម្កើងប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។

    លោក សំ វិចិត្រ សេដ្ឋវិទូជាន់ខ្ពស់ នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា ឱ្យដឹងថា ការលើកកម្ពស់ប្រាក់រៀលមិនអាចធ្វើតែម្នាក់ ឬធ្វើតែមួយស្ថាប័នបានទេ គឺត្រូវការចូលរួមទាំងអស់គ្នា ផ្ដើមចេញពីយើងម្នាក់ៗ។ លោក សំ វិចិត្រ បានបន្ដថា ធនាគារជាតិកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដែរ ដើម្បីឱ្យប្រាក់រៀលចរាចរណ៍ទៅលើទីផ្សារកាន់តែច្រើន ដូចនេះគឺត្រូវការចូលរួមពីយើងទាំងអស់គ្នា ពីព្រោះនៅពេលមានការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន សេដ្ឋកិច្ចជាតិក៏កាន់តែរីកចម្រើន។

    «ហើយក៏ទាមទារឱ្យមានការចូលរួមពីយើងដែរ បើសិនជាយើងចំណូលជាលុយរៀល យើងព្យាយាមចំណាយជាលុយរៀលដែរទៅ។ ចំណូលលុយរៀល យើងទៅជាចាយដុល្លារដោយគិតថាការចាយដុល្លារឡូយជាង អ៊ីចឹងយើងមានលុយរៀលយើងទៅដូរយកដុល្លារ សូមផ្លាស់ប្ដូរផ្នត់គំនិតនេះ ពីព្រោះលុយរៀលគឺជាលុយជាតិរបស់យើង។ ចំណុចមួយទៀតដែលខ្ញុំចង់លើកឡើងដោយមានសិស្សានុសិស្សបានសួរថា ក្រៅពីព្យាយាមចាយយកលុយរៀលហើយយើងអាចជួយផ្សព្វផ្សាយលុយរៀលដោយរបៀបណា? ដើម្បីលើកកម្ពស់ប្រាក់រៀល គឺផ្សារភ្ជាប់ថាលុយរៀលជំនួយសេដ្ឋកិច្ចជាតិ គឺមានទំនាក់ទំនងជាមួយគ្នា លុយរៀលជួយឱ្យសេដ្ឋកិច្ចដើរល្អប្រសើរ ហើយការពិតទៅបើសេដ្ឋកិច្ចដើរល្អប្រសើរ លុយរៀលក៏មានតម្លៃដែរ។ អ៊ីចឹង២ហ្នឹងគឺទំនាក់ទំនងគ្នា។ អ៊ីចឹងចំពោះសិស្សានុសិស្ស បើចង់ចូលរួមលើកកម្ពស់លុយរៀល គឺសូមអំពាវនាវឱ្យចូលរួមខិតខំប្រឹងប្រែងរៀនសូត្រ កាលណាយើងរៀនសូត្រមានចំណេះដឹង មានមូលដ្ឋានធំឡើង យើងធ្វើការល្អគឺជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងឱ្យរីកចម្រើន លុយរៀលក៏មានកំណើនទៅតាមហ្នឹងដែរ»។

    គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ធនាគារជាតិកម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការលើកកម្ពស់គុណតម្លៃប្រាក់រៀល ពីព្រោះប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យភាពសេដ្ឋកិច្ច និង ពង្រឹងសាមគ្គីភាពសង្គម៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: