ព័ត៌មានអន្តរជាតិ June 24, 2023

អ្នកដឹកនាំរឿង «Titanic» James Cameron ធ្លាប់មុជទៅទីតាំងខ្មោចកប៉ាល់ Titanic ៣៣ដង បញ្ជាក់ថាការផ្ទុះនាវាមុជទឹក Titan មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើល

Khmerpress

(បរទេស)៖ ផលិតករភាពយន្តហូលីវូដដ៏ល្បីឈ្មោះលោក James Cameron ដែលធ្លាប់បានជ្រមុជទៅមើលខ្មោចកប៉ាល់ Titanic ចំនួន៣៣ដង ដើម្បីសិក្សាស្រាវជ្រាវមុនផលិតភាពយន្ត «Titanic» បានប្រាប់សារព័ត៌មានជាច្រើនពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ស្របពេលកូននាវាមុជទឹក Titan ត្រូវបានគេជឿជាក់ថា បានផ្ទុះក្នុងកំលុងពេលចុះស្រាវជ្រាវខ្មោចកប៉ាល់ Titanic។

ផលិតករភាពយន្តរូបនេះ បានសង្កត់ធ្ងន់ថា នៅពេលដែលលោកទទួលព័ត៌មានថា នាវា​ Titan បានបាត់ការទំនាក់ទំនង គឺលោកបានសង្ស័យភ្លាមៗថាមានគ្រោះមហន្តរាយទៅហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

អ្នកដឹកនាំរឿងហូលីវូដ លោក James Cameron ដែលដឹកនាំរឿង «Titanic» ឆ្នាំ១៩៩៧ បានប្រាប់ BBC ថាលោកពិតជាសោកស្ដាយខ្លាំង ដែលមិនបានផ្ដល់ការព្រមានអាសន្នឱ្យបានលឿនជាងនេះ ព្រោះលោកមើលឃើញថាការបង្កើតនាវាមុជទឹកនេះឡើង គឺប្រកបដោយគ្រោះថ្នាក់ មិនស័ក្ដិសមនឹងប្រើប្រាស់ដើម្បីទៅទស្សនាខ្មោចកប៉ាល់ដែលស្ថិតនៅជម្រៅជិត ៤គីឡូម៉ែត្រក្នុងបាតសមុទ្រនោះឡើយ។ Cameron បានបញ្ចប់ការជ្រមុជទឹកចំនួន៣៣លើក ទៅទីតាំងកប៉ាល់ Titanic បាននិយាយថា នៅពេលដែលលោកបានដឹងថា ក៏ដូចជាទទួលព័ត៌មានថា នាវា Titan បាត់ការទំនាក់ទំនង គឺលោកបានសង្ស័យភ្លាមៗ ថាមានគ្រោះមហន្តរាយទៅហើយ។ លោក James Cameron បានសន្និដ្ឋានថា សោកនាដកម្មកប៉ាល់ Titanic និងនាវាមុជទឹក Titan គឺសុទ្ធតែកើតឡើង ដោយសារការមិនយកចិត្តទុកដាក់ចំពោះការព្រមានពីគ្រោះថ្នាក់មុនកើតហេតុ។

លោកបានសង្កត់ធ្ងន់ថា អ្នកណាម្នាក់ដែលធ្វើដំណើរទៅកាន់ខ្មោចកប៉ាល់ Titanic គួរតែដឹងច្បាស់ពីហានិភ័យ ព្រោះថា វាជាកន្លែងគ្រោះថ្នាក់ខ្លាំងណាស់។ លោកថា «យល់ព្រមចំពោះហានិភ័យទាំងនោះ ប៉ុន្តែកុំស្ថិតក្នុងស្ថានភាព ដែលអ្នកមិនត្រូវបានគេប្រាប់អំពីហានិភ័យ…»។

ជាចុងក្រោយ លោកបានចូលរួមរំលែក ទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសាររបស់អ្នកបាត់បង់ជីវិតទាំង ៥រូប ដែលបានជិះនៅក្នុងកូននាវា Titan៕ ផ្តល់សិទ្ធិដោយ៖ freshnews