សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន ដែលហោះលើដីកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន ដែលហោះលើដីកម្ពុជា។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ខ្ញុំសូមបញ្ជាក់ថា កម្លាំងអង្គភាពណា ដែលបាញ់ធ្លាក់ដ្រូនមួយគ្រឿង ខ្ញុំជូន ២០ម៉ឺនដុល្លារអាមេរិក ដើម្បីខ្ញុំចង់ដឹងថា ដ្រូននោះចេញពីកន្លែងណាឱ្យពិតប្រាកដ។ យប់មិញចូលមក ៥គ្រឿងទៀត ប៉ុន្តែមិនឃើញការបាញ់តបតទៅវិញ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ អស់លោកត្រូវយក CKC បាញ់ ដូច្នេះយើងត្រូវដាក់ពង្រាយអាវុធ មួយកន្លែងដាក់ ៥ដើម ដើម្បីបាញ់ទម្លាក់ដ្រូនដែលហោះចូលក្នុងទឹកដីកម្ពុជា។ ហើយសូមបញ្ជាក់ថា កុំឱ្យបងប្អូនប្រជាពលរដ្ឋយើងព្រួយបារម្ភ សង្គ្រាមគឺមិនផ្ទុះនោះទេ៕ »

