សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទ Facebook មិនឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន ឲឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានព្រមានបិទហ្វេសប៊ុកចោលមិនឱ្យមានប្រើប្រាស់នៅកម្ពុជា។ សម្តេចព្រមានបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ៦៨៦៨ នាក់មកពីរោងចក្រសហគ្រាសចំនួន១០ក្នុងខេត្តពោធិ៍សាត់។
សម្តេចតេជោមានប្រសាសន៍ថា៖ «យប់មិញពូសម្រេចលុបចោល Facebook ដែលមានមនុស្ស ១៤ លាននាក់ហើយឃើញពួកប្រឆាំងនៅក្រៅប្រទេសកំពុងសប្បាយ។ ប៉ុន្តែអ្នកឯងត្រូវគិតបើខ្ញុំចេញបញ្ជាបិទ Facebook នៅស្រុកខ្មែរលោកឯងនឹងដាច់ផ្ងារ។ ប៉ុន្តែនេះមិនមែនជាមធ្យោបាយដែលហ៊ុនសែនត្រូវប្រកាន់យកទេ ប៉ុន្តែលោកឯងកុំមើលស្រាលយុទ្ធសាស្ត្ររបស់ ហ៊ុន សែន បំផ្លាញចោល ១៤លាននាក់ ប៉ុន្តែទំនាក់ទំនងជាមួយប្រជាពលរដ្ឋអាចបានគ្រប់ពេលទាំងប្រព័ន្ធ Telegram ហើយឥឡូវលេង Tik Tok ទើបបង្កើត Tik Tok បង្កើតមានមួយនោះចំនួន ៣០ ម៉ឺននាក់មួយទៀត ១លានពីរសែននាក់ មានមួយនោះឡែករហូតដល់ ៥២លាននាក់ ព្រោះគេយកឈ្មោះហ៊ុន សែន ទៅប្រើ»។
សម្តេចតេជោបន្តថា៖ «នេះគ្រាន់តែប្រដៅពួកអ្នកក្រៅស្រុកដែលខ្ញុំបិទចោល Facebook ប៉ុន្តែ ប្រសិនជាអ្នកឯងព្រហើនខ្ញុំនឹងបិទ Facebook មិនឱ្យប្រើប្រាស់មួយរយៈខ្លី ឬស្ថាពរ ប៉ុន្តែខ្ញុំមិនចង់ប៉ះពាល់ទៅដល់ប្រជាជនទេ។ ក៏ប៉ុន្តែអ្នកឯងត្រូវកុំភាន់ច្រឡំជាមួយយុទ្ធសាស្រ្ត ហ៊ុន សែន »។
សម្តេចតេជោព្រមានថា លោកឯងនៅក្រៅប្រទេសលោកឯងប្រើទំនាក់ទំនងតាម Facebook ដូចគ្នាយើងបិទ Facebook ចោលទៅគឺចប់ហើយ។ ជាមួយនេះសម្តេចតេជោចង់ឱ្យប្រជាពលរដ្ឋរបស់របស់យើង Download មកប្រើ WhatsAppឬ Viber ក្នុងករណីដែលយើងមិនអាចធ្វើទំនាក់ទំនងតាម Facebook ព្រមទាំងប្រព័ន្ធដទៃទៀត រាប់ទាំង Tik Tok នេះគ្រាន់តែប្រដៅពួកអាភ្លើងពីភ្លើ។
សម្តេចបន្តថា ម្យ៉ាងទៀតអា Facebook នេះយូរៗទៅនិយាយពីវេទនាក្នុងការការពារគេហែកត្រូវប្រើ admin ហើយទៅប្រើកូដកុំអីខ្ញុំបិទចោលតាំងពីពីរឆ្នាំមុនព្រោះបន្តិចគេចូលហែក។ សម្តេចតេជោបន្តថា យើងអាចប្រើវិទ្យុទូរទស្សន៍ផ្សព្វផ្សាយពេញមួយប្រទេសបាន៕

ប្រភព៖ ក្រសួងព័ត៌មាន