កម្ពុជា ជួបឡាវ បើកឆាកពានរង្វាន់ AFF U19 Women’s Championship 2023 រសៀលនេះ
(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារី U19 ឡាវ នាវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដានេះ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023) នៅប្រទេសឥណ្ឌូនេស៊ី ។
នេះគឺជាការប្រកួតដំបូងរបស់ក្រុមបាល់ទាត់នារី U19 កម្ពុជា ក្នុងពូល A ដែលមានបេក្ខភាព ៤ក្រុម រួមមានកម្ពុជា ឡាវ ទីម័រខាងកើត និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។ ការប្រកួតនេះ ធ្វើឡើង ២ថ្ងៃ ក្រោយលោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមជម្រើសជាតិ U19 នារីកម្ពុជា បានដឹកនាំកូនក្រុមទៅដល់ប្រទេសឥណ្ឌូនេស៊ី កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែកក្កដាកន្លងទៅ ។
គួរដឹងថា ព្រឹត្តិការណ៍នេះ គឺមាន ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល ខណៈ ២ពូលទៀត មានតែ ៣ក្រុមប៉ុណ្ណោះក្នុងមួយពូល ក្នុងនោះពូល B មានវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី និងពូល C មានថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន ។ ចំពោះកម្មវិធីប្រកួតរបស់ក្រុមកម្ពុជា បន្ទាប់ពីជួបឡាវ នឹងត្រូវជួបក្រុម U19 ទីម័រខាងកើត នាថ្ងៃទី៧-កក្កដា មុនប្រកួតចុងក្រោយក្នុងពូល ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ៕ ផ្តល់សិទ្ធិដោយ៖ freshnews


