ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Doksuri បានបោកពន្លិចសាឡាងមួយគ្រឿងនិងបណ្តាលឲ្យពលរដ្ឋហ្វីលីពីន ២៥នាក់បាត់បង់ជីវិត

BY
Khmerpress
July 28, 2023
ព្យុះទីហ្វុង Doksuri បានបោកពន្លិចសាឡាងមួយគ្រឿងនិងបណ្តាលឲ្យពលរដ្ឋហ្វីលីពីន ២៥នាក់បាត់បង់ជីវិត

ចិន៖ ព្យុះទីហ្វុង Doksuri នៅតែបន្តដាក់សម្ពាធយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីន កោះតៃវ៉ាន់ និងតំបន់មួយចំនួននៅក្នុងប្រទេសចិន។ បើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះបានឲ្យដឹងថា ឥទ្ធិពលរបស់ព្យុះ Doksuri បានបង្កឲ្យមានសាឡាងមួយគ្រឿងលិចនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងបានបណ្តាលឲ្យមានមនុស្សចំនួន ២៥នាក់ត្រូវស្លាប់បាត់បង់ជីវិត។

គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះព្យុះ Doksuri បានបង្កឲ្យពលរដ្ឋហ្វីលីពីនសរុបចំនួន ៣៦នាក់ហើយត្រូវស្លាប់បាត់បង់ជីវិត ខណៈឥទ្ធិពលរបស់ព្យុះនៅមិនទាន់រសាត់បាត់ទាំងស្រុងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា នៅថ្ងៃទី ២៨ ខែកក្កដានេះព្យុះ Doksuri បានបន្តបោកបក់ទៅកាន់តំបន់ភាគអាគ្នេយ៍នៃប្រទេសចិនបន្ថែមទៀត ដោយព្យុះកំណាចមួយនេះត្រូវបោកបក់ក្នុងល្បឿន ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅចំពោះមុខការមកដល់របស់ព្យុះ Doksuri អាជ្ញាធរចិនបានណែនាំឲ្យពលរដ្ឋខ្លួនបង្កើនការប្រុងប្រយ័ត្ន ហើយអាជ្ញាធរចិនក៏បានត្រៀមអនុវត្តវិធានការសង្គ្រោះបន្ទាន់មួយចំនួនផងដែរ។ ដោយឡែកសម្រាប់នៅកោះតៃវ៉ាន់វិញ បើទោះជាមិនទាន់មានករណីអ្នកស្លាប់ដោយសារព្យុះ Doksuri ក៏ដោយ តែអាជ្ញាធរតៃវ៉ាន់បានសម្រេចផ្អាកសកម្មភាពអាជីវកម្មមួយចំនួន បិទសាលារៀន ពន្យាពេលជើងហោះហើរជាច្រើន និងបានណែនាំឲ្យពលរដ្ឋជាង​ ៥,៧០០នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: