ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Doksuri ទៅដល់ប្រទេសចិន ក្រោយបោកបក់កាត់កោះតៃវ៉ាន់និងហ្វីលីពីន

BY
Khmerpress
July 28, 2023
ព្យុះទីហ្វុង Doksuri ទៅដល់ប្រទេសចិន ក្រោយបោកបក់កាត់កោះតៃវ៉ាន់និងហ្វីលីពីន

(ប៉េកាំង)៖​ នៅថ្ងៃសុក្រនេះ ព្យុះទីហ្វុង Doksuri បានធ្វើដំណើរទៅដល់ខេត្តហ្វូជាន (Fujian) ភាគអាគ្នេយ៍ប្រទេសចិន ដោយនាំមក​នូវភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់ ដែលបានធ្វើឱ្យដាច់ឆេះបណ្តាញខ្សែអគ្គិសនី​ ផ្តួលរំលំដើមឈើ​ និងបង្ខំឱ្យសាលារៀន ហាងទំនិញ ក៏ដូចជា​​រោងចក្រជាច្រើន ត្រូវបិទទ្វារជាបណ្តោះអាសន្ន។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។

វាជាព្យុះទីហ្វុងខ្លាំងក្លាបំផុតទី២​ ដែលបានបោកបក់លើខេត្ត Fujian ក្រោយការវាយប្រហារនៃព្យុះទីហ្វុងដ៏ប្រល័យ មេរ៉ាន់ទី (Meranti) កាលពីឆ្នាំ២០១៦ និងជាព្យុះទីហ្វុងទី២ ដែលបានវាយប្រហារទៅលើប្រទេសចិន គិតនៅក្នុងរយៈពេលមិនដល់ពីរសប្តាហ៍។ ទីក្រុងដូចជា សៀម៉ិន (Xiamen) ក្វាងចូវ (Quanzhou) និងពូធាន (Putian) ជាដើម បានមើលឃើញកម្រិត​ទឹកភ្លៀងធ្លាក់ក្នុងមួយម៉ោងលើសពី ៥០មីលីម៉ែត្រ។

នៅ Xiamen ចរាចរណ៍តាមដងផ្លូវ មានសភាពស្ងប់ស្ងាត់ ហើយរោងចក្រនិងផ្សារទំនើប ត្រូវបានបិទទ្វារ។ ទន្ទឹមគ្នា វីដេអូនៅលើបណ្តាញ​សង្គម ក៏បានបង្ហាញឱ្យឃើញ ខ្សែបណ្តាញអគ្គិសនី ត្រូវដាច់ផ្ទុះឆេះផងដែរ នៅពេលខ្យល់កន្ត្រាក់បោកបក់លើទីក្រុងជីនជាំង (Jinjiang) ដែលមានមនុស្សរស់នៅ២លាននាក់ ខណៈនៅ Quanzhou ដើមឈើធំៗបានដួលរលំ។ នៅទីក្រុង Jinjiang ​និង Quanzhou ការផ្គត់ផ្គង់ថាមពលនិងទឹក នៅកន្លែងមួយចំនួន ក៏ត្រូវបានកាត់ផ្តាច់ផងដែរ។

គួរបញ្ជាក់ថា មុនទៅដល់ប្រទេសចិន ព្យុះ Doksuri បានធ្វើដំណើរឆ្លងកាត់ក្បែរភាគខាងត្បូងកោះតៃវ៉ាន់ និងភាគខាងជើងហ្វីលីពីន។ វាបានកាត់ផ្តាច់ថាមពល សម្រាប់លំនៅឋានជាង ២៧៨,៩៩៩ខ្នង និងផ្តួលរំលំដើមឈើនៅតៃវ៉ាន់ ហើយជើងហោះហើរនិងសេវារថភ្លើង ក៏បានរងការរំខានថែមទៀតផង។ រីឯនៅហ្វីលីពីន ព្យុះទីហ្វុងនេះបានសម្លាប់មនុស្ស សរុបយ៉ាងហោចជាង៣០នាក់ បើរាប់ទាំងករណីលិចទូក នៅបឹងក្បែរទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ ដែលកើតឡើងអំលុងខ្យល់បោកបក់ខ្លាំង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: