ព័ត៌មានអន្តរជាតិ

លោក ពូទីន អរគុណកូរ៉េខាងជើងសម្រាប់ការគាំទ្រ ចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន

BY
Khmerpress
July 28, 2023
លោក ពូទីន អរគុណកូរ៉េខាងជើងសម្រាប់ការគាំទ្រ ចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន

(ព្យុងយ៉ាង)៖ នៅថ្ងៃសុក្រនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានពាំនាំនូវសារលិខិតរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានសម្តែងការអរគុណចំពោះកូរ៉េខាងជើង សម្រាប់ការគាំទ្រដល់សង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។

លោក ពូទីន មិនបានរៀបរាប់លម្អិតថា តើទីក្រុងព្យុងយ៉ាងបានផ្តល់ការគាំទ្រក្នុងទម្រង់បែបណាមួយឡើយ ចំពោះអ្វីដែលរុស្ស៉ីនៅតែបន្តហៅថា «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន ប៉ុន្តែនាពេលកន្លងមកនេះ ក្រុមមន្រ្តីអាមេរិកធ្លាប់បានអះអាងថា កូរ៉េខាងជើងបានលក់គ្រាប់រ៉ុក្កែតក៏ដូចជាគ្រាប់កាំភ្លើងធំ សរុបខ្ទប់រាប់លានគ្រាប់ឱ្យទៅប្រទេសរុស្ស៉ី សម្រាប់ការប្រើប្រាស់ក្នុងសមរភូមិនៅអ៊ុយក្រែន។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា លោក សូយហ្គូ បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ដើម្បីចូលរួមព្រឹត្តិការណ៍អបអរខួប នៃការបិទបញ្ចប់​សង្រ្គាមកូរ៉េ ដែលត្រូវបានកូរ៉េខាងជើងចាត់ទុកជា ទិវាជ័យជម្នះ ក្នុងប្រទេសខ្លួន។ កាលពីថ្ងៃពុធនិងព្រហស្បតិ៍សប្តាហ៍នេះ លោកប្រមុខការពារជាតិរុស្ស៉ី បានជួប​ពិភាក្សាជាមួយ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហើយបានដើរទស្សនាការតាំងបង្ហាញអាវុធទំនើបៗ ព្រមទាំងបានចូលរួមពិធីជប់លៀងទទួលទានអាហារពេលថ្ងៃត្រង់ ជាមួយលោក គីម ក៏ដូចជាពិធីព្យុះហយាត្រាយោធា នៅទីក្រុងព្យុងយ៉ាង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: