ព័ត៌មានអន្តរជាតិ

តារាចម្រៀង Cardi B គប់ក្បាលមេក្រូទៅកាន់អ្នកគាំទ្រមួយទំហឹង ក្រោយត្រូវគេជះទឹកដាក់ពេលសម្តែងលើឆាក

BY
Khmerpress
July 31, 2023
តារាចម្រៀង Cardi B គប់ក្បាលមេក្រូទៅកាន់អ្នកគាំទ្រមួយទំហឹង ក្រោយត្រូវគេជះទឹកដាក់ពេលសម្តែងលើឆាក

(បរទេស)៖ ទំនងទប់កំហឹងមិនបាន តារាចម្រៀងអាមេរិកល្បីឈ្មោះ Cardi B ត្រូវបានគេថតជាប់ថា បានគប់ Microphone (ក្បាលមេក្រូ) ទៅកាន់អ្នកគាំទ្រមួយទំហឹង ក្រោយនាងត្រូវគេជះទឹកដាក់ ពេលកំពុងសម្តែងច្រៀងលើឆាកតន្ត្រី ដែលធ្វើឡើងនៅ Las Vegas។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

វាមិនមែនជារឿងចម្លែក ឬមិនធ្លាប់មាននោះទេ ដែលតារាចម្រៀងត្រូវបានគេគប់ដបទឹក ឬជះទឹកដាក់ ពេលសម្តែងនៅលើឆាកតន្ត្រីនោះ ខណៈតារាចម្រៀង Cardi B វ័យ៣០ឆ្នាំ ហាក់មានការខឹងសម្បារជាខ្លាំង និងទប់កំហឹងមិនជាប់ ក៏បានគប់ Microphone នៅនឹងដៃរបស់ខ្លួន តបតទៅកាន់អ្នកគាំទ្រវិញ។ វីដេអូនៃសកម្មភាពរបស់នាង គឺត្រូវបានចែករំលែកព្រោងព្រាត នៅលើគណនី Twitter របស់ Pop Base កាលពីថ្ងៃអាទិត្យ (ថ្ងៃទី៣០ខែកក្កដា) ដែលពេលនោះនាងកំពុងច្រៀងបទ «Bodak Yellow» ឆ្នាំ២០១៨ របស់នាង។

តារាចម្រៀង Cardi B ដែលមានឈ្មោះពិតថា Belcalis Marlenis Almanzar ត្រូវបានគេឃើញពីដំបូង ដោយរីករាយក្នុងការសម្ដែង ក្នុងឈុតរ៉ូបពណ៌ទឹកក្រូចភ្លឺ។ បន្ទាប់មកនៅពាក់កណ្តាល នៃការបកស្រាយបទចម្រៀងរបស់នាង នាងត្រូវបានគេជះទឹកតែម្តង។ ដោយមើលទៅហាក់ស្រឡាំងកាំង Cardi B ក៏បានគប់មីក្រូហ្វូនរបស់នាងដាក់អ្នកទស្សនាវិញភ្លាម។

គួរជម្រាបថា អ្នកគាំទ្រនៅទីក្រុង Las Vegas ត្រូវបានគេរាយការណ៍ថា បានរង់ចាំរយៈពេលពីរម៉ោងក្នុងកំដៅ ៤៤.៤អង្សារសេ មុនពេលតារាសម្តែងនៅលើឆាក ហើយ Cardi B ត្រូវបានគេនិយាយថា បានសុំឲ្យអ្នកគាំទ្រជះទឹកមកលើនាង ខណៈដែលនាងត្អូញត្អែរអំពីកំដៅទីក្រុងដែលកំពុងក្តៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: