ព័ត៌មានអន្តរជាតិ

របបសឹកមីយ៉ាន់ម៉ា ប្រកាសលើកពេលការបោះឆ្នោតសកល និងបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន

BY
Khmerpress
August 1, 2023
របបសឹកមីយ៉ាន់ម៉ា ប្រកាសលើកពេលការបោះឆ្នោតសកល និងបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន

(ឈៀងម៉ៃ, ថៃ)៖ របបដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសជាផ្លូវការពីការលើកពេលការបោះឆ្នោតសកល ដែលខ្លួនបានសន្យាថានឹងរៀបចំនៅខែសីហានេះ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីរាយការណ៍មួយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា​ បានបញ្ជាក់ទៀតថាមេដឹកនាំរបបយោធា លោក មីន អោងឡាំង នៅក្នុង ជំនួបជាមួយក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ គាំទ្រដោយយោធា ក៏បានសម្រេចចិត្តពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៦ខែ បន្ថែមទៀត ផងដែរ។

លោក មីន អោងឡាំង ធ្លាប់បានសន្យាថានឹងរៀបចំការបោះឆ្នោតសកលនៅខែសីហា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់ លោកស្រី អោងសាន ស៊ូជី។ ប៉ុន្តែ របបយោធាមីយ៉ាន់ម៉ា បានយកអំពើហិង្សាដែលខ្លួនជាអ្នកបង្កឡើង និងកំពុងអង្រួនប្រទេស មកធ្វើជាហេតុផលនៃការសម្រេចចិត្ត លើកពេលរៀបចំការបោះឆ្នោតសកលនេះ។ សេចក្ដីថ្លែងការណ៍របស់របបយោធាមីយ៉ាន់ម៉ា ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានគូសបញ្ជាក់ដូច្នេះថា «ខណៈ កំពុងរៀបចំការបោះឆ្នោតមួយ ក្នុងគោលបំណងរៀបចំការបោះឆ្នោតប្រកបដោយតម្លាភាព និងសេរី ព្រមទាំងអាចឱ្យប្រជាជនបោះឆ្នោតដោយគ្មានការភ័យខ្លាច ការរៀបចំសន្តិសុខនៅតែមានភាពចាំបាច់ជាង ដូច្នេះវាតម្រូវឱ្យមានការពន្យារពេលការដាក់ប្រទេសក្នុងគ្រាអាសន្នបន្ថែមផងដែរ»។ ឆ្លើយតបទៅនឹងសេចក្ដីប្រកាស នេះ ក្រសួងការបរទេសអាមេរិក បាននិយាយថាការពន្យារពេលការដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ចូលកាន់តែជ្រៅ ក្នុងអំពើហិង្សា និងអស្ថិរភាពកាន់តែខ្លាំងឡើង។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារដណ្ដើមអំណាច បន្ទាប់ពីបានចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតសកលមួយ កាលពី ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលបង្ហាញថាគណបក្សរបស់លោកស្រី ស៊ូជី ជាអ្នកទទួលបានជ័យជម្នះ។ ការធ្វើរដ្ឋប្រហារនេះទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: