ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៉ីទិញយន្តហោះដ្រូនជាង១០គ្រឿងពីតួកគី ក្នុងតម្លៃ៣០០លានដុល្លារ

BY
Khmerpress
August 1, 2023
ឥណ្ឌូណេស៉ីទិញយន្តហោះដ្រូនជាង១០គ្រឿងពីតួកគី ក្នុងតម្លៃ៣០០លានដុល្លារ

(ហ្សាការតា)៖ ក្រសួងការពារជាតិឥណ្ឌូណេស៉ី បានប្រកាសនៅថ្ងៃអង្គារនេះថា ឥណ្ឌូណេស៉ីបានទិញយន្តហោះដ្រូនថ្មីចំនួន១២គ្រឿង ពីក្រុមហ៊ុន Turkish Aerospace នៃប្រទេសតួកគី ក្នុងតម្លៃសរុប៣០០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។

ការទិញយន្តហោះដ្រូនខាងលើ គឺជាផ្នែកនៃកិច្ចប្រឹងប្រែងធ្វើទំនើបកម្មសម្ភារយោធាចាស់ៗ របស់ប្រទេសអាស៊ានមួយនេះ។ ក្រសួងការពារជាតិឥណ្ឌូណេស៉ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងទិញយន្តហោះដ្រូន ជាមួយក្រុមហ៊ុន Turkish Aerospace ដែលមានមូលដ្ឋាននៅទីក្រុងអង់ការ៉ា គឺត្រូវបានចរចាគ្នាសម្រេចជាស្ថាពរ កាលពីខែកុម្ភៈ ហើយទីក្រុងហ្សាការតារំពឹងទទួលបានដ្រូនទាំងនោះ ក្នុងរយៈពេលសរុប៣២ខែ ក្រោយការចុះកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៣នេះ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី លោក ប្រាបូវ៉ូ ស៊ីប៊ីអាន់តូ (Prabowo Subianto) សម្រេចបានកិច្ចព្រមព្រៀងមួយ ទំហំ៨០០លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំង Mirage (មីរ៉ាច) 2000-5 ១២គ្រឿង ហើយកាលពីខែកុម្ភៈ ក៏បានទិញយន្តហោះចម្បាំង Rafale (រ៉ាហ្វាល់) ៤២គ្រឿង ក្នុងតម្លៃ៨.១ពាន់លានដុល្លារផងដែរ។ យោងតាម​ទិន្នន័យរដ្ឋាភិបាល ក្រសួងការពារជាតិឥណ្ឌូណេស៉ី ទទួលបានចំណែកថវិកាធំជាងគេបំផុតគឺខ្ទង់៨.៨៩ពាន់លានដុល្លារ នៅក្នុងកញ្ចប់ថវិកាជាតិសរុបរបស់ប្រទេសប្រចាំឆ្នាំនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: