ព័ត៌មានអន្តរជាតិ

Foxconn គ្រោងផលិតរថយន្តអគ្គិសនីម៉ូដែលថ្មីនៅទីផ្សារប្រទេសឥណ្ឌា និងថៃដែលមានតម្លៃក្រោម ២ម៉ឺនដុល្លារ

BY
Khmerpress
August 2, 2023
Foxconn គ្រោងផលិតរថយន្តអគ្គិសនីម៉ូដែលថ្មីនៅទីផ្សារប្រទេសឥណ្ឌា និងថៃដែលមានតម្លៃក្រោម ២ម៉ឺនដុល្លារ

(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Foxconn បានប្រកាសថាលោកកំពុងពិភាក្សាជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាក្នុងការជ្រើសយកទីផ្សាប្រទេសឥណ្ឌា និងថៃដើម្បីផលិតរថយន្តអគ្គិសនីធន់តូចដែលមានតម្លៃក្រោម ២ម៉ឺនដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំបំផុតរបស់ពិភពលោកកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ខ្លួនកំពុងស្វែងរកទីតាំងមានសក្តានុពលដើម្បីបង្កើតរោងចក្របណ្តាក់ទុនរួមគ្នាថ្មីមួយទៀតដែលមានឈ្មោះថា Mobility in Harmony (MIH)។ តាមរយៈរបាយការណ៍ចេញផ្សាយកន្លងមក MIH មានបំណងផលិតរថយន្តអគ្គិសនីធន់តូចស៊េរីថ្មីដែលមានតម្លៃចន្លោះពី ១ម៉ឺន ទៅ ២ម៉ឺនដុល្លារប៉ុណ្ណោះ។

ខណៈរថយន្តដែលគ្រោងផលិតនោះត្រូវបាន CEO Foxconn គូសបញ្ជាក់ថាជាប្រភេទរថយន្តអគ្គិសនីធន់តូចជាមួយនឹងកៅអីចំនួន ៣ថ្មី ដែលត្រូវបានរចនាយ៉ាងពិសេសម្រាប់បើកបរក្នុងទីក្រុង ឬតំបន់ជិត ជាពិសេសសម្រាប់សម្រួលដល់ម្ចាស់អាជីវកម្ម ឬអ្នកដឹកជញ្ជូន។

គួរជម្រាបដែរថា ចំពោះគម្រោងទៅបង្កើតរោងចក្រថ្មីនៅឥណ្ឌា និងថៃកំពុងស្ថិតក្នុងការពិភាក្សានៅឡើយនៅមិនទាន់សម្រេចថា នឹងទៅប្រទេសណាមួយនោះទេ។ ប៉ុន្តែជុំវិញរបាយការណ៍ចេញផ្សាយត្រូវបានគេរំពឹងថា អាចនឹងទៅប្រទេសឥណ្ឌា ខណៈថ្ងៃអនាគតទាំងប្រទេសឥណ្ឌា និងថៃ នឹងក្លាយជាគូប្រជែងវិស័យរថយន្តអគ្គិសនីដ៏ខ្លាំង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: