ព័ត៌មានអន្តរជាតិ

មិនធម្មតា! តារាចម្រៀង Taylor Swift ចែកលុយដល់ក្រុមការងាររាប់លានដុល្លារ ក្រោយការប្រគំតន្ត្រីទេសចរណ៍របស់ខ្លួន រកចំណូលបានលើសពី ១ពាន់លានដុល្លារ

BY
Khmerpress
August 2, 2023
មិនធម្មតា! តារាចម្រៀង Taylor Swift ចែកលុយដល់ក្រុមការងាររាប់លានដុល្លារ ក្រោយការប្រគំតន្ត្រីទេសចរណ៍របស់ខ្លួន រកចំណូលបានលើសពី ១ពាន់លានដុល្លារ

(បរទេស)៖ យោងតាមកាសែត The Wall Street Journal បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រគំតន្ត្រី «Eras Tour» របស់ Taylor Swift ត្រូវបានគេព្យាករណ៍ថា នឹងក្លាយទៅជាការប្រគំតន្ត្រីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងសក្តានុពលក្នុងការរកចំណូលបានលើសពី ១ពាន់លានដុល្លារអាមេរិក។ ប្រការនេះមិនមែនជារឿងចម្លែកនោះទេ ដែលតារារូបនេះចំណាយប្រាប់រាប់លានដុល្លារ ដើម្បីផ្តល់ជារង្វាន់លើកទឹកចិត្ត ដល់ក្រុមការងាររបស់ខ្លួន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

នៅថ្ងៃអង្គារសប្តាហ៍នេះ គេហទំព័រ TMZ បានរាយការណ៍ថា Swift បានផ្តល់រង្វាន់ដល់អ្នកដឹកសម្ភារៈប្រគំតន្ត្រីនូវប្រាក់រង្វាន់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ជាការលើកទឹកចិត្តដល់ក្រុមការងារ ក្រោយបំពេញការងារដ៏មមាញឹកកន្លងមក។ TMZ បានបន្ថែមថា មានអ្នកដឹកសម្ភារៈប្រហែល៥០នាក់ សម្រាប់ដំណើរកម្សាន្តរបស់នាង Swift ដោយក្នុងនោះនាងចំណាយអស់៥លានដុល្លារ សម្រាប់ចែកទៅកាន់អ្នកដឹកទំនិញ។

ប្រភពមួយផ្សេងទៀតបានប្រាប់ទស្សនាវដ្តី People ថា តារាចម្រៀងរូបនេះក៏បានផ្តល់ប្រាក់រង្វាន់ ដល់អ្នករាល់គ្នាដែលធ្វើការជាមួយនាង រួមទាំងអ្នករាំ អ្នកហាត់សម អ្នកបច្ចេកទេសសំឡេង និងអ្នកផ្តល់ម្ហូបអាហារ ដែលគិតជាទឹកប្រាក់សរុប ៥៥លានដុល្លារអាមេរិក។

គួរជម្រាបថា Taylor Swift នឹងបញ្ចប់ការប្រគំតន្រ្តីទេសចរណ៍របស់ខ្លួននៅសប្តាហ៍នេះ ដោយការសម្តែងនៅ SoFi Stadium ជាកន្លែងដែលនាងចាប់ផ្តើមសម្តែងលើកដំបូង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: