ព័ត៌មានអន្តរជាតិ

អាជ្ញាធរឥណ្ឌាបានហាមឃាត់ក្រុមហ៊ុនផលិតសុីរ៉ូក្អកមួយផ្សេងទៀត ជុំវិញមរណភាពរបស់កុមារនៅប្រទេសកាមេរូន

BY
Khmerpress
August 2, 2023
អាជ្ញាធរឥណ្ឌាបានហាមឃាត់ក្រុមហ៊ុនផលិតសុីរ៉ូក្អកមួយផ្សេងទៀត ជុំវិញមរណភាពរបស់កុមារនៅប្រទេសកាមេរូន

អាជ្ញាធរឥណ្ឌាបានបញ្ជាឱ្យក្រុមហ៊ុនផលិតសុីរ៉ូក្អក Riemann Labs Pvt ដែលមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារនៅក្នុងប្រទេសកាមេរូន ត្រូវញ្ឈប់ការផលិតរបស់ខ្លួនជាបន្ទាន់ នៅក្នុងចំណាត់ការថ្មីចុងក្រោយបង្អស់មួយ បន្ទាប់ពីប្រទេសនេះបានចាត់វិធានការប្រឆាំងនឹងការនាំចេញថ្នាំដែលខូចគុណភាព។ រដ្ឋាភិបាលក្នុងរដ្ឋ Madhya Pradesh បានបញ្ជាឱ្យក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Indore មួយនេះ ត្រូវបញ្ឈប់ការផលិតរបស់ខ្លួន ក្រោយពីមានការត្រួតពិនិត្យរួមគ្នាដោយនិយតករថ្នាំកម្រិតកណ្តាល និងថ្នាក់ជាតិ។ ឥឡូវនេះ លេខទូរស័ព្ទនៅលើគេហទំព័ររបស់ Riemann Lab ត្រូវបានបិទ ហើយក្រុមហ៊ុននេះមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយតាមអ៊ីមែលទេ។

ការត្រួតពិនិត្យលើក្រុមហ៊ុន Riemann Lab បានកើតឡើងបន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា មន្ត្រីកាមេរូនបានសង្ស័យថា សុីរ៉ូក្អក Naturcold របស់ក្រុមហ៊ុន Riemann Labs គឺមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមាររាប់សិបនាក់នៅក្នុងប្រទេសនេះ។ យ៉ាងណាក៏ដោយគេមិនដឹងថា តើអាជ្ញាប័ណ្ណ​របស់ក្រុមហ៊ុន Riemann Lab ត្រូវបានដកហូតដែរ ឬទេ។ ជាមួយគ្នានេះ វាក៏ជាករណីស្លាប់ទី៣ ដែលផ្សារភ្ជាប់ជាមួយនឹងសុីរ៉ូក្អកដែលផលិតនៅឥណ្ឌា នៅក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យឧស្សាហកម្មផលិតថ្នាំតម្លៃ ៥០ ពាន់លានដុល្លាររបស់ប្រទេសនេះ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ ប្រទេសចំនួន ២ ផ្សេងទៀត ដែលបានជួបនឹងបញ្ហាដូចគ្នានេះគឺ៖ ហ្គាំប៊ី និងអ៊ូសបេគីស្ថាន។

អង្គការសុខភាពពិភពលោកកាលពីខែមុនក៏បានលើកឡើងដែរថា សារធាតុ diethylene glycol នៅក្នុង Naturcold មានច្រើនជាង ២០០ដង នៃកម្រិតដែលកុមារអាចទទួលយកបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: