ព័ត៌មានអន្តរជាតិ

Taylor Swift សម្រេចបន្ថែមកាលបរិច្ឆេទការប្រគំតន្ត្រីនៅកាដាណា បន្ទាប់នាយករដ្ឋមន្ត្រី Justin Trudeau ចង់ឲ្យទៅសម្តែងនៅទីនោះ

BY
Khmerpress
August 4, 2023
Taylor Swift សម្រេចបន្ថែមកាលបរិច្ឆេទការប្រគំតន្ត្រីនៅកាដាណា បន្ទាប់នាយករដ្ឋមន្ត្រី Justin Trudeau ចង់ឲ្យទៅសម្តែងនៅទីនោះ

(អាមេរិក)៖ នៅអំឡុងខែកក្កដាកន្លងទៅនេះ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានបង្ហោះសារមួយចំនួននៅលើបណ្តាញសង្គម Twitter ដើម្បីទាក់ទងទៅតារាចម្រៀងល្បី Taylor Swift ក្នុងគោលបំណងលើកទឹកចិត្តនាងឱ្យបន្ថែមកាលបរិច្ឆេទ សម្រាប់ការប្រគំតន្រ្តីទេសចរណ៍ពិភពលោក Eras Tour របស់នាង ទៅប្រទេសកាណាដា។ តែយ៉ាងណា នៅពេលនេះបំណងរបស់លោក គឺបានសម្រេចហើយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា Taylor Swift នឹងបន្ថែមចំនួនថ្ងៃនៃការប្រគំតន្ត្រីរបស់ខ្លួននៅកាណាដា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

ម្ចាស់ឧបត្ថម្ភការប្រគំតន្ត្រី Rogers Communications បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Swift នឹងសម្តែងចំនួន៦ Show ជាផ្នែកមួយនៃការប្រគំតន្ត្រីទេសចរណ៍ «Eras Tour» របស់នាងនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសកាណាដា ហើយសំបុត្រនឹងដាក់លក់ក្នុងពេលឆាប់ៗនេះសម្រាប់កាលបរិច្ឆេទខែវិច្ឆិកា ឆ្នាំ២០២៤។ តារា ចម្រៀងប៉ុបអាមេរិកវ័យ ៣៣ឆ្នាំ រូបនាងផ្ទាល់ក៏បានបង្ហោះលើ Instagram ថា៖ «វាមិនមែនជាទីបញ្ចប់នៃការប្រគំតន្រ្តីនោះទេ។ Miami, New Orleans, Indy និង Toronto: The Eras Tour នឹងមករកអ្នកនៅឆ្នាំ ២០២៤។ Swift បានបញ្ចេញសារបែបនេះ ដោយភ្ជាប់ជាមួយរូបថតមានរាយបញ្ជីប្រទេសកាណាដាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា និងថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។

គួរបញ្ជាក់ថា ការប្រគំតន្ត្រី «The Eras Tour» របស់ Taylor Swift ដែលមានសរុប១៣១ឆាក និង៥ទ្វីប ត្រូវបានគេរាយការណ៍ថា អាចរកចំណូលបានខ្ទង់ ១ពាន់លានដុល្លារហើយ និងអាចនឹងក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដែលទទួលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសម្ដែងមួយលើកៗអាចទាក់ទាញទស្សនិកជនជាមធ្យម ៧ម៉ឺននាក់ និងចំណូលជាមធ្យម ១៣លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: