សង្គម

អបអរសាទរ! ផលិតករខ្មែរ ហ៊ុន យ៉ាឡេង ទទួលបាន «ពានរង្វាន់ពិសេសរបស់មេប្រយោគ» ក្នុងមហោស្រពភាពយន្តអន្តរជាតិអាស៊ាន

BY
Khmerpress
August 5, 2023
អបអរសាទរ! ផលិតករខ្មែរ ហ៊ុន យ៉ាឡេង ទទួលបាន «ពានរង្វាន់ពិសេសរបស់មេប្រយោគ» ក្នុងមហោស្រពភាពយន្តអន្តរជាតិអាស៊ាន

(ម៉ាឡេស៊ី)៖ អាចនិយាយបានថា ជាជោគជ័យថ្មីមួយបន្ថែមទៀត របស់ផលិតករភាពយន្តរបស់កម្ពុជា និងជាកិត្តិយសមួយ បន្ទាបពីលោក ហ៊ុន យ៉ាឡេង អ្នកដឹកនាំរឿង «ដើម្បីកូន» ទទួលបាន «ពានរង្វាន់ពិសេសរបស់មេប្រយោគ» ក្នុងមហោស្រពភាពយន្តអន្តរជាតិអាស៊ាន ឆ្នាំ២០២៣នេះ។

បើតាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានសរសេរសំណេរយ៉ាងដូច្នេះថា «សូមចូលរួមអបអរសាទរ លោក ហ៊ុយ យ៉ាឡេង ផលិតករ និងជាអ្នកដឹកនាំរឿង ដើម្បីកូន ដែលទទួលបានពានរង្វាន់ពិសេសរបស់មេប្រយោគ (Special Jury Award) ក្នុងមហោស្រពភាពយន្តមហោស្រពភាពយន្តអន្តរជាតិអាស៊ាន (2023 ASEAN International Film Festival Award) នៅក្នុងប្រទេសម៉ាឡេស៊ី»

ខ្សែភាពយន្តរឿង ដើម្បីកូន ដែលជា ខ្សែភាពយន្តខ្មែរ ស្តីអំពីការតស៊ូរបស់ឪពុក ដែលចង់ជួយដល់កូនៗតាមរយៈ ការងារជាអ្នកធាក់ស៊ីក្លូ។ ខ្សែភាពយន្តមួយនេះ គឺបានវិវត្តន៍ពីភាពយន្តទឹកភ្នែកដ៏កក្រើកនៅដើមឆ្នាំ២០២២ ទៅជាសៀវភៅអត្ថបទភាពយន្តដំបូងគេនៅកម្ពុជា។ វាជាប្រភេទភាពយន្ត ដែលកើតចេញពីលំនាំនៃជីវិតពិតរបស់ឪពុកម្នាក់។

គួរជម្រាបថា មហោស្រពភាពយន្តអន្តរជាតិ និងពានរង្វាន់អាស៊ាន នៅឆ្នាំ២០២៣ នេះបានប្រារព្ធឡើងនៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា។ គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីបន្តផលិតភាពយន្ដនៅក្នុងតំបន់អាស៊ាន តាមរយៈការបំផុសគំនិត របស់អ្នកនិពន្ធរឿង អ្នកផលិតភាពយន្ត និងសិល្បករទាំងអស់ដែលប្រើប្រាស់ ភាសានៃខ្សែភាពយន្ត ដើម្បីតាក់តែង។ គ្រប់ភាពយន្តអាចជួយលើកស្ទួយវប្បធម៌ ប្រពៃណី និងបេតិកភណ្ឌឆ្ពោះទៅរកការរួបរួមគ្នានៃអាស៊ាន និងដើម្បីផ្សព្វផ្សាយ ភាពយន្តអាស៊ាន ទៅកាន់ទីផ្សារអន្តរជាតិ។ បន្ថែមពីនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបណ្តាញនៅក្នុងឧស្សាហកម្មភាពយន្តអាស៊ាន និងពីអាស៊ានទៅកាន់ពិភពលោក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: