ព័ត៌មានអន្តរជាតិ

ព្រឹត្តិការណ៍ប្រកាសចេញត្រកូល iPhone 15 គ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែក្រោយនេះ

BY
Khmerpress
August 5, 2023
ព្រឹត្តិការណ៍ប្រកាសចេញត្រកូល iPhone 15 គ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែក្រោយនេះ

(បរទេស)៖ Apple តែងតែព្យាយាមប្រកាសចេញ iPhone ស៊េរីថ្មីៗជារៀងរាល់ឆ្នាំ នៅអំឡុងខែកញ្ញា ដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ធំបំផុតរបស់ពួកគេ។ ដោយឡែកសម្រាប់ឆ្នាំនេះវិញ ក៏អាចនឹងមិនខុសគ្នាដែរ ដោយមានរបាយការណ៍ចុះផ្សាយថា Apple នឹងប្រកាសចេញ iPhone 15 Series នៅថ្ងៃទី ១៣ ខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយពី 9to5Mac បានឱ្យដឹងថា ព្រឹត្តិការណ៍ឆ្នាំ២០២៣ របស់ Apple នឹងមានការផ្លាស់ប្តូរពីឆ្នាំមុន ដោយជំនាន់ iPhone 14 ត្រូវបានប្រកាសបង្ហាញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ ដែលនេះមានន័យថា នឹងខុសត្រូវគ្នារយៈពេល ៦ថ្ងៃសម្រាប់ព្រឹត្តិការណ៍ប្រកាសចេញ iPhone 15 ដែលប្តូរពីដើមខែមកពាក់កណ្តាលខែជំនួសវិញ។

ប្រភពខាងលើបានអះអាងថា នៅក្នុងព្រឹត្តិការណ៍ដ៏ធំនាពេលខាងមុខនេះ ក្រុមហ៊ុន Apple បានស្នើសុំបុគ្គលិកមិនឱ្យឈប់សម្រាកនៅអំឡុងថ្ងៃទី១៣ ខែកញ្ញា នោះទេដោយលើកហេតុផលថា ជាថ្ងៃបើកព្រឹត្តិការណ៍ «ប្រកាសស្មាតហ្វូនដ៏សំខាន់»។ ដូច្នេះមានន័យថា គ្រប់បុគ្គលិក Apple ទាំងអស់ទូទាំងប្រទេសគឺត្រូវតែមានវត្តមានក្នុងក្រុមហ៊ុន។

គួរជម្រាបដែរថា ត្រកូល iPhone 15 ឆ្នាំនេះនឹងចេញមកជាមួយ ៤ម៉ូដែលដូចទៅនឹងឆ្នាំមុនរួមមាន iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ ដែលតាមពាក្យចចាមអារ៉ាមកន្លងមកម៉ូដែលថ្មីៗនេះ នឹងមានគែមស្តើង និងស្រាលជាងមុន ហើយចំពោះតម្លៃវិញត្រូវបានគេរំពឹងថា នឹងថ្លៃជាងម៉ូដែលថ្មីៗជំនាន់មុន ដោយក្នុងនោះអាចនឹងកើនឡើងចន្លោះពី ១០០ដុល្លារ រហូតដល់ជាង ២០០ដុល្លារសម្រាប់តម្លៃបរទេស ខណៈតម្លៃក្នុប្រទេសកម្ពុជាយើងវិញអាចនឹងកើនឡើងថ្លៃជាងនេះបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: