ព័ត៌មានអន្តរជាតិ

WHO ចាត់ថ្នាក់កូវីដ១៩បំប្លែងខ្លួន «EG.5 ជាវីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍»

BY
Khmerpress
August 10, 2023
WHO ចាត់ថ្នាក់កូវីដ១៩បំប្លែងខ្លួន «EG.5 ជាវីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍»

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធសប្ដាហ៍នេះបានចាត់ថ្នាក់វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ EG.5 ដែលកំពុងឆ្លងរាលដាល នៅក្នុង សហរដ្ឋអាមេរិក និងចិន ជា «វីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។

វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ EG.5 អាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស និងត្រូវបានគេរកឃើញថានៅពីក្រោយករណីឆ្លងកូវីដ១៩ ច្រើនជាង១៧ភាគរយ នៅក្នុងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ វីរុសបំប្លែងខ្លួននេះក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង​ ជប៉ុន កាណាដា និងបណ្ដា ប្រទេសជាច្រើនផ្សេងទៀត។

ក្នុងការវាយតម្លៃពីហានិភ័យ អង្គការ WHO បានបញ្ជាក់ថា «ជារួម ភស្ដុតាងដែលមាន មិនបានសន្មត់ថាវីរុសបំប្លែងខ្លួន EG.5 បង្កហានិភ័យសុខាភិបាលបន្ថែម ឬខ្ពស់ជាងវីរុសបំប្លែងខ្លួនដទៃ ដូចជាអូមីក្រុងនោះទេ ហើយគេត្រូវការការវាយតម្លៃគ្រប់ជ្រុងជ្រោយពីគ្រោះថ្នាក់អាចបង្កឡើងដោយវីរុសបំប្លែងខ្លួននេះ បន្ថែមទៀត»

គួរបញ្ជាក់ថា កូវីដ១៩ បានសម្លាប់មនុស្សច្រើនជាង ៦.៩លាននាក់ នៅទូទាំងពិភពលោក នៅក្នុងចំណោមករណីឆ្លងសរុបជាង ៧៦៨លាននាក់ ចាប់តាំងពី វីរុសនេះផ្ទុះឡើងមក។ WHO បានប្រកាសចាត់ទុកកូវីដ១៩ ជាជំងឺឆ្លងរាតត្បាតសកលកាលពីខែមីនា ឆ្នាំ២០២០ ហើយបានបិទបញ្ចប់ការចាត់ទុកកូវីដ១៩ ជាភាពអាសន្នសុខាភិបាលសកលកាលពីខែឧសភា ឆ្នាំ២០២៣នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: