ព័ត៌មានអន្តរជាតិ

Beyoncé ក្លាយជាតារាស្រីស្បែកខ្មៅ រកចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោក

BY
Khmerpress
August 10, 2023
Beyoncé ក្លាយជាតារាស្រីស្បែកខ្មៅ រកចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោក

(បរទេស)៖ ការប្រគំតន្រ្តីទេសចរណ៍ពិភពលោករបស់ Beyoncé ដែលមានឈ្មោះថា «Renaissance» បានបង្កើតប្រវត្តិសាស្ត្រជាផ្លូវការ ដែលរកចំណូលបានខ្ពស់បំផុត សម្រាប់សិល្បការិនីស្បែកខ្មៅ។ ដំណើរប្រគំតន្រ្តីទេសចរណ៍នេះ បានចាប់ផ្តើមនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ រកចំណូលបានជាង ៤០០លានដុល្លារ រហូតមកដល់បច្ចុប្បន្ន។ នេះលើសពីកំណត់ត្រាមុនដែលធ្វើឡើង ដោយកម្មវិធី «Anti World Tour» របស់ Rihanna ដែលរកចំណូលបានជាង ៣៦០លានដុល្លារក្នុងឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

ការប្រគំតន្រ្តីទេសចរណ៍ពិភពលោក «Renaissance» គឺជាជោគជ័យដ៏សំខាន់របស់ Beyoncé បានទទួលការពិនិត្យយ៉ាងល្អិតល្អន់ ចំពោះការសម្តែងរបស់នាង ដែលមានឈុតដ៏ទាក់ទាញសម្លៀកបំពាក់ ដ៏គួរឲ្យភ្ញាក់ផ្អើល និងក្បាច់រាំដែលមានថាមពលខ្ពស់។ ការប្រគំតន្ត្រីនេះ ក៏ជាឱកាសសម្រាប់ Beyoncé ក្នុងការផ្សព្វផ្សាយផលិតរបស់នាងផងដែរ។

បន្ថែមពីលើការបំបែកឯតទគ្គកម្ម សម្រាប់ដំណើរទេសចរណ៍ ដែលរកចំណូលបានខ្ពស់បំផុត សម្រាប់សិល្បការិនីស្បែកខ្មៅ ដំណើរទេសចរណ៍ពិភពលោក «Renaissance» របស់តារាចម្រៀង «Break My Soul» ក៏បានបំបែកកំណត់ត្រាផ្សេងទៀតផងដែរ ពោលគឺជាប់ជាដំណើរទេសចរណ៍ ដែលរកចំណូលបានខ្ពស់បំផុត ដោយតារាស្រីនៅអាមេរិកខាងជើង ហើយវាគឺជាដំណើរទេសចរណ៍ ដែលរកចំណូលបានខ្ពស់បំផុតទី៣ ដោយសិល្បការិនីទោលផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: