ព័ត៌មានអន្តរជាតិ

តម្លៃអង្ករ កើនឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០០៨

BY
Khmerpress
August 11, 2023
តម្លៃអង្ករ កើនឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០០៨

(បាងកក)៖ តម្លៃអង្ករបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១៥ឆ្នាំនៅក្នុងទ្វីបអាស៊ី ដោយសារការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការផ្គត់ផ្គង់សកល ខណៈអាកាសធាតុស្ងួតបានគំរាមកំហែងដល់ផលិតកម្មក្នុងប្រទេសថៃ និងបន្ទាប់ពីឥណ្ឌាបានហាមឃាត់ការនាំចេញមួយចំនួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់សមាគមអ្នកនាំចេញអង្ករថៃដែលចេញផ្សាយដោយកាលពីថ្ងៃពុធថា តម្លៃអង្ករសថៃប្រភេទបាក់ ៥% ដែលជាតម្លៃអង្ករស្តង់ដារអាស៊ីបានកើនឡើងដល់ ៦៤៨ដុល្លារក្នុងមួយតោន ដែលជាតម្លៃថ្លៃបំផុតគិតចាប់តាំងពីខែតុលា ឆ្នាំ២០០៨។ តម្លៃនេះនាំឱ្យកំណើនតម្លៃកើនជិតដល់ ៥០% នៅរយៈពេលមួយឆ្នាំកន្លងមកនេះ។

អង្ករមានសារៈសំខាន់ចំពោះរបបអាហាររបស់មនុស្សរាប់ពាន់លាននាក់នៅទ្វីបអាស៊ី និងអាហ្រ្វិក ហើយការកើនឡើងតម្លៃអាចបន្ថែមសម្ពាធអតិផរណា និងជំរុញការចំណាយលើករនាំចូលសម្រាប់ប្រទេសអ្នកទិញ។

ការគំរាមកំហែងចុងក្រោយចំពោះការផ្គត់ផ្គង់កើតមានចេញពីប្រទេសថៃ ដែលជាប្រទេសនាំចេញអង្ករធំទីពីរក្នុងពិភពលោក។ អាជ្ញាធរថៃកំពុងលើកទឹកចិត្តកសិករឱ្យប្តូរទៅដាំដំណាំផ្សេងដែលត្រូវការទឹកតិច ខណៈដែលប្រទេសនេះទប់ទល់នឹងស្ថានភាពស្ងួតជាមួយនឹងការចាប់ផ្តើមបាតុភូមិអាកាសធាតុអ៊ែលនីណូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: