ព័ត៌មានអន្តរជាតិ

រុស្ស៉ីចេញបេសកកម្មបញ្ជូនយានរ៉ូបូត ឱ្យទៅស្រាវជ្រាវលើឋានព្រះចន្ទ ជាលើកដំបូងក្នុងរយៈពេលជិត៥០ឆ្នាំ

BY
Khmerpress
August 11, 2023
រុស្ស៉ីចេញបេសកកម្មបញ្ជូនយានរ៉ូបូត ឱ្យទៅស្រាវជ្រាវលើឋានព្រះចន្ទ ជាលើកដំបូងក្នុងរយៈពេលជិត៥០ឆ្នាំ

(មូស្គូ)៖ នៅថ្ងៃសុក្រនេះ រុស្ស៉ីបានបញ្ជូនយានរ៉ូបូតដើម្បីឱ្យទៅស្រាវជ្រាវលើឋានព្រះចន្ទឡើងវិញ ជាលើកដំបូងក្នុងរយៈពេលជិត៥០ឆ្នាំ ក្រោមគោលដៅផ្តល់កម្លាំងរុញច្រានជាថ្មី ដល់វិស័យអវកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។

បេសកកម្ម Luna-25 ត្រូវបានបាញ់បង្ហោះចេញពីផែនដី កាលពីវេលាម៉ោង២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រនេះ (ម៉ោងនៅ​ទីក្រុងមូស្គូ) នៅឯមូលដ្ឋានបង្ហោះយានអវកាស វ៉ូស្តូឈ្នី (Vostochny)។ វាត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅដល់គន្លងក្បែរព្រះចន្ទ នៅក្នុង​រយៈពេល៥ថ្ងៃ ហើយបន្ទាប់មកវានឹងចំណាយពេលចន្លោះ៣-៧ថ្ងៃ ដើម្បីជ្រើសរើសទីតាំងត្រឹមត្រូវមួយ មុនពេលចុះចតទៅលើតំបន់ប៉ូលខាងត្បូង​របស់ព្រះចន្ទ។

លោក អាឡិចសាន់ដឺ ប្លូឃីន (Alexander Blokhin) ដែលជាមន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសកូស្មូស (Roscosmos) ធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះថា ​«ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ការបញ្ជូនយានរ៉ូបូតចុះចតលើព្រះចន្ទ នឹងធ្វើឡើងនៅតំបន់ប៉ូលខាងត្បូងរបស់វា។ មកទល់ឥឡូវ ប្រទេសទាំងឡាយ បាននាំគ្នាចុះចតយាន តែនៅតំបន់អេក្វាទ័ររបស់ព្រះចន្ទប៉ុណ្ណោះ»។

បើតាមប្រភពដែលទីភ្នាក់ងារព័ត៌មាន AFP ទទួលបាន យានរបស់រុស្ស៉ីគ្រោងធ្វើការចុះចតទៅលើផ្ទៃព្រះចន្ទ នៅខ្ទង់ថ្ងៃទី២១ ខែសីហា ពោលគឺមុនការព្យាយាមចុះចត របស់យានរ៉ូបូតនៃបេសកកម្ម Chandrayaan 3 របស់ប្រទេសឥណ្ឌា។ យានឥណ្ឌាត្រូវបានបញ្ជូនចេញពីផែនដី កាលពីថ្ងៃទី១៤ ខែកក្កដា ហើយទើបទៅដល់គន្លែងក្បែរព្រះចន្ទ កាលពីប៉ុន្មានថ្ងៃមុន។ ឥណ្ឌាគ្រោងចុះចតយានរបស់ខ្លួន នៅថ្ងៃទី២៣ ខែសីហា ទៅលើតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ដូចទៅនឹងរុស្ស៉ីដែរ។

គួរបញ្ជាក់ថា ការចេញបេសកកម្ម Luna-25 គឺជាបេសកកម្មឋានព្រះចន្ទលើកដំបូងបំផុត របស់ទីក្រុងមូស្គូគិតចាប់តាំងពីឆ្នាំ១៩៧៦មក នៅពេលដែលអតីតសហភាពវៀត គឺជាប្រទេសនាំមុខគេមួយ នៅក្នុងវិស័យរុករកទីអវកាស។ មកទល់ពេលនេះ ដែលតែប្រទេសចំនួន៣ប៉ុណ្ណោះ ដែលធ្លាប់ទទួលជោគជ័យក្នុងការនាំយកយានរ៉ូបូត ទៅចុះចតលើផ្ទៃព្រះចន្ទដោយសុវត្ថិភាព គឺអតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក និងចិន។ ប្រសិនបើបេសកកម្ម Chandrayaan 3 នោះ ឥណ្ឌានឹងក្លាយជាប្រទេសទី៤៕ ផ្តល់សិទ្ធិដោយ៖ freshnews​

Share This Post: