ព័ត៌មានអន្តរជាតិ

សិង្ហបុរីកំណត់យកថ្ងៃទី១ ខែកញ្ញា ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប្រសិនបើមានការតែងតាំងឈ្មោះបេក្ខជនលើសពីម្នាក់

BY
Khmerpress
August 11, 2023
សិង្ហបុរីកំណត់យកថ្ងៃទី១ ខែកញ្ញា ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប្រសិនបើមានការតែងតាំងឈ្មោះបេក្ខជនលើសពីម្នាក់

(សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរីបានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសសិង្ហបុរីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី១ ខែកញ្ញាខាងមុខ ប្រសិនបើមានបេក្ខជនលើសពីម្នាក់ ត្រូវបានតែងតាំងឱ្យឈរឈ្មោះសម្រាប់មុខតំណែងនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។

ប៉ុន្តែប្រសិនបើនៅថ្ងៃទី២២ ខែសីហា មានឈ្មោះបេក្ខជនត្រឹមតែម្នាក់ ត្រូវបានតែងតាំង បុគ្គលម្នាក់នោះនឹងត្រូវប្រកាសជាប្រធានាធិបតីថ្មីតែម្តង។ ប្រធានាធិបតីសិង្ហបុរីបច្ចុប្បន្នគឺ លោកស្រី ហាលីម៉ា យ៉ាកូប (Halimah Yacob) ដែលជាប្រធានាធិបតីស្រីដំបូងគេរបស់បុរីរដ្ឋ​មួយនេះ បាននិយាយថា លោកស្រីសម្រេចចិត្តមិនឈរឈ្មោះម្តងទៀតឡើយ ខណៈអាណត្តិរបស់លោកស្រី នឹងផុតកំណត់នៅថ្ងៃទី១៣ ខែកញ្ញា។ លោកស្រី ហាលីម៉ា យ៉ាកូប បានឡើងកាន់តំណែងកាលពីឆ្នាំ២០១៧។

មានបុគ្គលលេចធ្លោចំនួន៤រូប ដែលបានប្រកាសពីបំណងប្រជែងយកតំណែងខាងលើ ក្នុងនោះរួមមានអតីតទេសរដ្ឋមន្រ្តី លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ (Tharman Shanmugaratnam), អតីតនាយកផ្នែកវិនិយោគនៃមូលនិធិរដ្ឋាភិបាល GIC លោក អិន កុកសុង (Ng Kok Song), មហាសេដ្ឋីលោក ចច ហ្គោ (George Goh) ហើយនិងអតីតបេក្ខជនប្រធានាធិបតីលោក តាន គីនលាន (Tan Kin Lian)។

គួរបញ្ជាក់ថា សិង្ហបុរីមានប្រជាជនប្រមាណ៣.៥លាននាក់ ក្នុងនោះប្រហែល៣ភាគ៤ មានដើមកំណើតជនជាតិចិន, ១២.៥ភាគរយ​មានដើមកំណើតម៉ាឡេស៉ី និង៩ភាគរយមានដើមកំណើតឥណ្ឌា។ ចំណែកក្រៅពីនោះ ត្រូវបានចាត់ថ្នាក់ មានដើមកំណើតអឺរ៉ាស៉ី។ ដ្បិត​សិង្ហបុរីមានប្រធានាធិបតីក៏ដោយ អំណាចប្រតិបត្តិ គឺស្ថិតក្រោមការគ្រប់គ្រងនាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តីសិង្ហបុរី គឺលោក លី សៀនឡុង ដែលបានកាន់អំណាច ចាប់តាំងតែពីឆ្នាំ២០០៤មក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: